ខេត្តពោធិ៍សាត់: នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដោយរថយន្តម៉ាក Ford មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ “កម្ពុជា P.NA.DOR បើកបរក្នុងល្បឿនលឿន មានទិសដៅពីកើតទៅលិច សង្ស័យផ្ទុះកង់ បណ្តាលឲ្យធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង ចូលក្នុងទឹកត្រពាំង មុខមាត់ប្រជាពលរដ្ឋ បណ្តាលអោយរងការខូចខាតយ៉ាងខ្លាំង។
សូមបញ្ជាក់ថា, ក្នុងហេតុការណ៍នេះ មានមនុស្សរងរបួសស្រាល ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា, នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងល្បឿនលឿន ធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៥ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ គេសង្ស័យរថយន្តផ្ទុះកង់ ទើបបណ្តាលឲ្យរថយន្តរេចង្កូត ក្រឡាប់ធ្លាក់ផ្លូវផ្ងារជើងចូលទៅក្នុងទឹកត្រពាំង រងការខូចខាតយ៉ាងដំណំផងដែរ ។ ក្នុងហេតុការណ៍នេះ មានមនុស្សរងរបួសស្រាល ហើយក៏មិនបណ្តាលប៉ះពាល់ដល់អ្នកដំណើររងគ្រោះ ក៏ដូចជាអ្នកភូមិជាដើម ។
នៅក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុខាងលើ ។ ដោយហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ពុំមានផលប៉ះដល់អ្នកដទៃឬក៏ទ្រព្យ សម្បត្តិសាធារណ:នោះ សមត្ថកិច្ចបានឲ្យម្ចាស់រថយន្តបង្កហេតុ ធ្វើការស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ។
តាមបណ្តោយផ្លូវជាតិ៥ ធ្វើស្ថាបនាបានស្រួលច្រើនទើប អ្នកបើកបរខ្លះគាត់ បើកក្នុងល្បឿនលឿនងាយនឹងគ្រោះថ្នាក់ចរាចរណ៍៕
ដោយ : សិលា