ក្រុងប៉ោយប៉ែត៖ បុរសម្នាក់បានស្លាប់ចំណែក២នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាមរីបុកជាមួយរថយន្តហាយឡែនឌ័រ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចក្លោងទ្វារវត្តស្ទឹងបត់ ចំងាយជាង១០០ម៉ែត្រ ស្ថិតក្នុងភូមិ-សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបន្ទាយមានជ័យ2A-4139 បើកបរដោយឈ្មោះទៀន ទួនភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាជាងសំណង់ មានទីលំនៅក្នុងភូមិ-សង្កាត់ផ្សារកណ្ដាល ដោយមានអ្នករួមដំណើរម្នាក់ឈ្មោះផៃ ឡូត ភេទប្រុស អាយុ៥៩ឆ្នាំ ជាជនជាតិថៃ មុខរបរជាវិស្វករក្នុងកាស៊ីណូផ្កាយ៥ ស្នាក់នៅក្នុងកាស៊ីណូ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត បើកបរក្នុងទិសដៅពីទិសខាងកើតទៅលិចពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកកាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1G-7987 បើកបរដោយឈ្មោះរឿម ស៊ីថា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិខ្លាកូន ឃុំទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នាហើយបានបុករថយន្តខាងលើបណ្ដាលឲ្យគ្រោះថ្នាក់តែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបររថយន្តកាមរីមានឈ្មោះរឿម ស៊ីថា រងរបួសធ្ងន់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យក៏បានស្លាប់ ចំណែកអ្នកបើករថយន្តហាយឡែនឌ័រ និងអ្នករួមដំណើរជនជាតិថៃរងរបួសធ្ងន់ក្រោយមកបងប្អូនបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត រីឯរថយន្តទាំង២ខូចខាតយ៉ាងដំណំ។ ក្រោយពីសមត្ថកិច្ចវាស់វែងរួចរាល់បានយកទៅរក្សារនៅអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណា