ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋរស់ នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងបារម្ភពីល្បែងស៊ីសងនៅមូលដ្ឋានកើតមានយ៉ាងអនាធិបតេយ្យពុំឃើញមានវិធានការទប់ស្កាត់ពីសមត្ថកិច្ចឡើយ ។ ពួកគេ អះអាងថា បន្ទាប់ពីមានល្បែងស៊ីសងនោះ បណ្ដាលឲ្យកើតមានបាតុភាព ដូចជាចោរ កម្ម និងអំពើហិង្សា ជាដើម។
ពលរដ្ឋរស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ឲ្យដឹងថា ល្បែងស៊ីសង ដូចជា បៀ អាប៉ោង កន្ទុយលេខ និងជល់ មាន់ បានកើតមាននៅមូលដ្ឋានបណ្ដាលឲ្យ ពលរដ្ឋមួយចំនួនងប់ងុលល្បែងនេះរហូតខ្ចីបុលគេ លក់ទ្រព្យសម្បត្តិ បញ្ចាំ ហើយអាចឈានដល់កើតអំពើហិង្សាក្នុងគ្រួសារទៀតផង ។
ប្រជាពលរដ្ឋម្នាក់រស់នៅឃុំសំអាងក្នុងចំណោមពលរដ្ឋជាច្រើនទៀតព្រួយបារម្ភថា បើរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៅព្រងើយកន្តើយមិនចាត់វិធានការករណីនេះទេ នឹងប៉ះពាល់ជីវភាពប្រជាពលរដ្ឋធ្ងន់ធ្ងរ។ លោកកត់សម្គាល់ថាកាលពីដើមខែមេសាពលរដ្ឋ២គ្រួសារបានរត់ចោលផ្ទះសម្បែង ដោយសារតែគ្មានប្រាក់សងម្ចាស់បំណុលបន្ទាប់ពីពលរដ្ឋទាំងនោះបានខ្ចីមកលេងល្បែងកន្លងមក។ លោកបន្តថា ល្បែងជល់មាន់ និងអាប៉ោង បានកើតមានប្រហែលជាង៣ខែកន្លង មក។ ចំណែកល្បែងកន្ទុយលេខកើត មានប្រហែលជាង១ឆ្នាំ មេប៉ុស្តិ៍រដ្ឋបាលឃុំ សំអាង លោក គង់ សេនា ទទួលស្គាល់ថា ពិតជាកើតមានល្បែងស៊ីសងនៅមូលដ្ឋានមែនតែការកើតមាននោះ ដោយសារការ លួចឆ្មក់។ លោកថាលោកក៏ធ្លាប់បានកោះអញ្ជើញម្ចាស់បើកល្បែងស៊ីសងមកធ្វើកិច្ចសន្យាព្រមានឲ្យបញ្ឈប់ម្តងដែរកន្លងមក ។ ល្បែងស៊ីសង និងល្បែងកន្ទុយលេខមិន ត្រឹមតែមាននៅឃុំសំអាងទេ គឺទូទាំងខេត្តស្ទឹងត្រែងក៏មានសេចក្តីរាយការណ៍ថា ល្បែង កន្ទុយលេខមានប្រភពពីប្រទេសវៀតណាម កំពុងកើតមានយ៉ាងអនាធិបតេយ្យពុំមានការបង្ក្រាប ។
ច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ឆ្នាំ១៩៩៦ មាត្រា៥ ចែងថា ចំពោះអ្នក បើកល្បែងស៊ីសងអ្នកកាន់កាប់ល្បែង ស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី៥លានរៀលដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំដល់៥ឆ្នាំ ៕
ដោយ៖ នរិន្ទ្រ