ក្រុមប្រឹក្សាផ្នែកមាសលើសាកលលោក បានឲ្យដឹងថា តម្រូវការមាសសាកលលោក បានកើនឡើងក្នុងត្រីមាសទី១ ដោយសារតែអ្នកវិនិយោគស្វែងរកកន្លែងមានសុវត្ថិភាពពីភាពចលាចលផ្នែកហិរញ្ញវត្ថុ។
តម្រូវការមាសសរុបឈានដល់១.២៩០តោននៅក្នុងរយៈពេលពីខែមករាដល់ខែមីនា ពោលគឺកើនឡើង២១ភាគរយបើធៀបនឹងត្រីមាសទី១នៃឆ្នាំ២០១៥កន្លងទៅ។
តម្រូវការសម្រាប់ត្រីមាសទី១នៃឆ្នាំ២០១៦នេះ គឺជាតម្រូវការមាសច្រើនជាងគេបំផុតទី២បើគិតពីទំហំមាស។
ដោយយោងទៅតាមក្រុមប្រឹក្សានេះបានឲ្យដឹងថា ត្រីមាសច្រើនជាងគេបំផុតគឺមានរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០១២គឺនៅពេលដែលមានតម្រូវការចំនួន១.២៩០,៦តោន។
តម្រូវការកើនឡើងចុងក្រោយនេះ គឺកើនឡើងដោយសារតែបញ្ហានៃការវិនិយោគដែលជាប់ទាក់ទងនឹងភាពចលាចលផ្នែកសេដ្ឋកិច្ច និងបរិយាកាសហិរញ្ញវត្ថុមិនច្បាស់លាស់។
ស្របជាមួយគ្នានេះដែរតម្រូវការសាកល លោកចំពោះគ្រឿងអលង្ការធ្លាក់ចុះ១៩ ភាគរយ ដោយសារតែតម្លៃកើនឡើង ហើយសកម្មភាពឧស្សាហកម្មនៅឥណ្ឌា និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅចិនបានធ្វើឲ្យអតិថិជនផ្អាកការទិញ។
កាលពីថ្ងៃពុធកន្លងទៅនេះមាសមានតម្លៃ១.២៧៦,៨៦ដុល្លារសហរដ្ឋអាមេរិកក្នុងមួយអោន។
ក្រុមប្រឹក្សានេះបានបញ្ជាក់ថា តម្រូវការ មាសបានកើនឡើងដោយសារតែមាន ហានិភ័យផ្សេងដោយសារតែអត្រាការប្រាក់ មានភាពអវិជ្ជមាននៅក្នុងតំបន់អឺរ៉ុបនិងជប៉ុនរួមមានទាំងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចចិន ខណៈដែលទីផ្សារភាគហ៊ុនសាកលលោកមានភាពចលាចលផងដែរនោះ ។
លោក Alistair Hewitt ប្រធានទីផ្សាររបស់ក្រុមប្រឹក្សានេះបានមានប្រសាសន៍ថា “ភាពមិនច្បាស់លាស់នៃទីផ្សារដែល កំពុងតែកើតមានឡើងនេះនឹងបន្តគាំទ្រ ទាំងការវិនិយោគ និងតម្រូវការមាសនេះ”។
លោកបានបន្ថែមទៀតថា “កត្តានេះ ដែលរួមមានការងើបឡើងនៃតម្រូវការនៅឥណ្ឌា គួរតែមើលឃើញថា តម្រូវការមាសនឹងមានសភាពល្អសម្រាប់ឆ្នាំ២០១៦នេះ” ៕
ដោយ៖ រ័ត្ន