ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានគ្រោងបញ្ជូនកីឡាកររបស់ខ្លួន ៥នាក់ទៅចូលរួមការប្រកួត SCHOOL GAME ក្របខ័ណ្ឌសិស្សវិទ្យាល័យនៅ ខេត្តឈៀងម៉ៃ ប្រទេសថៃ នាខែកក្កដា ឆ្នាំ២០១៦ខាងមុខ ។ នេះបើតាមលោក សាំ បូរត្ន័ គ្រូបង្គោលរបស់សហព័ន្ធកីឡា វាយកូនឃ្លីលើតុប្រាប់អ្នកយកព័ត៌មាន កាសែតនគរវត្តក្រោយពីសម្រាកការហ្វឹកហាត់កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៦នៅសាលដំបូលទូកក្នុងពហុកីឡដ្ឋានជាតិ ។
លោកសាំ បូរ័ត្នបានឲ្យដឹងថា កីឡាករដែលសហព័ន្ធធ្វើការហ្វឹកហាត់ត្រៀមបញ្ជូនពួកគេឲ្យទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើមានដូចជា កីឡាករទា ហុកលី ទួន, លី ផាត, ហេង ដេវីត, អ៊ុន មាសតារា និង ស៊ុន គឹមឆាយ ទាំង៥នាក់នេះបច្ចុប្បន្នមិនទាន់ទទួលបានសេចក្តីសម្រេចពីអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា នៅឡើយទេ។
លោកបន្តទៀតថា បើទោះបីយ៉ាងណាក៏ដោយសហព័ន្ធនៅតែជំរុញដល់ការហ្វឹកហាត់ជាប្រចាំឲ្យបានខ្លាំងថែមទៀតដល់ កីឡាករដែលមានឈ្មោះត្រៀមទៅចូលរួមការប្រកួត SCHOOL GAME ក្របខ័ណ្ឌសិស្សវិទ្យាល័យនៅខេត្តឈៀងម៉ៃ ប្រទេស ថៃនេះដដែល ហើយលោកក៏សង្ឃឹមថា កីឡាកររបស់លោកនឹងទទួលបានជោគ ជ័យនាំយកមេដាយមកជូនកម្ពុជាដែរ ។
លោកគ្រូបង្គោលរូបនេះមានប្រសាសន៍បន្ថែមទៀតថា នៅក្នុងព្រឹត្តិការណ៍ប្រកួត កីឡាS CHOOL GAME ក្របខ័ណ្ឌសិស្ស វិទ្យាល័យនៅប្រទេសថៃឆ្នាំនេះក្នុងចំណោមកីឡាករកម្ពុជា៥នាក់ដែលសហព័ន្ធគ្រោង បញ្ជូនទៅចូលរួមនោះសុទ្ធតែជាក្តីសង្ឃឹមដែលអាចដណ្តើមបានមេដាយពីព្រឹត្តិការណ៍ប្រកួតនេះតាមរយៈការប្រកួតលើ៣វិញ្ញាសាដូចជាប្រកួតជាក្រុមបុរស, វាយគូបុរស និង ប្រកួតឯកត្តជន ។
គួររំលឹកថា ការប្រកួតកីឡាSCHOOL GAME ក្របខ័ណ្ឌសិស្សវិទ្យាល័យនេះមានប្រទេសចូលរួមចំនួន១១ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាការប្រកួតមួយពិបាកក្នុងការដណ្តើមយកមេដាយពីព្រោះការ ប្រកួតនេះមានសុទ្ធតែយុវជនខ្លាំងៗប្រចាំប្រទេសនីមួយៗមកចូលរួម ៕
ដោយ៖ សារីម