សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាល៖  មុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួននិងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន ២កញ្ចប់ធំ  និង១កញ្ចប់តូច និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

ប្រតិបត្តិការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀននេះធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចផ្ទះជនសង្ស័យឈ្មោះ សេង សុខឃុន ស្ថិតក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

អធិការនគរបាលស្រុកស្អាងលោកវរសេនីយ៍ទោ សេង សុជាតិ បានឲ្យដឹងថា ជនសង្ស័​យ៣នាក់ដែលត្រូវបានចាប់ខ្លួននោះទី១-ឈ្មោះ សេង សុខឃុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ទី២-ឈ្មោះ មឿន វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំក្រោយវត្តក្របៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងទី៣-ឈ្មោះ វង់ ចាន់ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំក្រោយវត្កក្របៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

លោកវរសេនីយ៍ទោ សេង សុជាតិ បានបន្តថា ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចចាប់យកបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន ២កញ្ចប់ធំ និង១កញ្ចប់តូច ហើយសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួននិងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត ។

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សេង សុខឃុន ជាមុខសញ្ញាជួញដូរគ្រឿងញៀនក្នុងមូលដ្ឋាន ហើយជនសង្ស័យ២នាក់ទៀតជាមុខសញ្ញាជួញដូរគ្រឿងញៀនក្រៅមូលដ្ឋាន ។ កន្លងមកជនសង្ស័យ២នាក់នេះតែងតែយកថ្នាំញៀនមកផ្ទះជនសង្ស័យឈ្មោះ សុខឃុន ដើម្បីប្រើប្រាស់ជាមួយគ្នានិងជួញដូរទៅឲ្យអ្នកប្រើប្រាស់ផ្សេងទៀត តែកន្លងមកសមត្ថកិច្ចមិនមានវត្ថុតាងសម្រាប់ដាក់បន្ទុកចាប់ខ្លួនជនសង្ស័យ ។ លុះមកដល់ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ សមត្ថកិច្ចនគរបាលស្រុកស្អាងបានទទួលព័ត៌មានច្បាស់ការថាជនសង្ស័យបានទិញថ្នាំញៀនពីភ្នំពេញយកមកធ្វើការជួញដូរ ។

លោកវរសេនីយ៍ទោ សេង សុជាតិ បានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលព័ត៌មានភ្លាមៗ លោកបានបញ្ជាឲ្យកម្លាំងនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះស្រាវជ្រាវឈានដល់ឡោមព័ទ្ធបង្រ្កាបឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ និងដកហូតវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

a8a3f450-c7c7-4699-986c-c861f95d1caa

1f08b329-4d4a-4767-ada9-245c5453895b

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print