ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ដែលធ្វើសកម្មភាពលួចគាស់បន្ទប់យកម៉ូតូពីជម្ពូវ័នបាត់២គ្រឿងយប់ម្សិលមិញត្រូវម្ចាស់ម៉ូតូប្រទះឃើញជនសង្ស័យជិះនៅភូមិទួលពង្រក៏ត្រូវម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចចាប់បានម្នាក់ហើយបន្តតាមចាប់បក្ខពួកបានជាបន្តបន្ទាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១ឈ្មោះ សួន ពិសិដ្ឋ អាយុ២២ឆ្នាំស្នាក់នៅភូមិពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតខេត្តកំពត ទី២ឈ្មោះ មិន បុរី អាយុ២២ឆ្នាំ ទី៣ឈ្មោះញឹម ធាន អាយុ២០ឆ្នាំ ទី៤ឈ្មោះវ៉ែន ចាន់ណាវីនស្រី ទី៥ឈ្មោះពេច ស្រីយ័ន អាយុ២០ឆ្នាំស្នាក់នៅផ្ទះជួលជាមួយគ្នា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ម៉ូតូបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៨ខែឧសភា ពួកគាត់បានចាកចេញពីបន្ទប់ជួលទៅធ្វើការអស់នៅពេលដែលត្រលប់មកពីធ្វើការវិញឃើញទ្វារបើកសោបាត់ម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកនិច ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1CU-0872 និងមួយគ្រឿងទៀតម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1H-6957 លុះពេលព្រឹកជនរងគ្រោះបានជិះម៉ូតូតាមផ្លូវទួលពង្រស្រាប់តែឃើញជនសង្ស័យម្នាក់ជិះម៉ូតូរបស់ខ្លួនក៏ស្រែកផ្អើលសមត្ថកិច្ចកិច្ចនិងប្រជាពលរដ្ឋនាំគ្នាចាប់បានវាយម្នាក់មួយដៃមួយជើងរួចប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរបន្ត។
បន្ទាប់ពីធ្វើការសាកសួរអស់រយៈពេល១ម៉ោងសមត្ថកិច្ចបានបន្តតាមចាប់បក្ខពួកប្រុសស្រីចំនួន៤នាក់ទៀត សរុប៥នាក់ស្រី២នាក់ប្រុស៣នាក់ នៅម្តុំមុខផ្សារត្រពាំងថ្លឹង។ បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ត្រូវបាននគរបាលធ្វើការសាកសួរនៅផ្នែកនគរបាលយុតិធម៌ដើម្បីចាត់ការតានីតិវិធី៕
ដោយ៖ សុខាសែនជ័យ
...