ប្រជាពលរដ្ឋប្រទះឃើញខ្ទីងឈ្មោលមួយក្បាលជាប់ផុងរហូតដល់ងាប់ខណៈអាជ្ញាធរខំជួយ តែមិនអាចសង្គ្រោះបាន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋនៅឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យបានប្រទះឃើញសត្វខ្ទីងចំណាស់មួយក្បាលងាប់នៅក្នុងអណ្តូងចំការរបស់ប្រជាពលរដ្ឋក្បែរព្រៃសហគមន៍ហើយបើទោះបីជាមានការប្រឹងប្រែងជួយសង្គ្រោះយ៉ាងណា ក៏ ដោយក៏មិនអាចសង្គ្រោះបានដែរ។

សត្វខ្ទីងឈ្មោលមួយក្បាលដែលជាប្រភេទសត្វមួយដ៏កម្រត្រូវបានពលរដ្ឋប្រទះរកឃើញជាប់ផុងក្នុងរណ្ដៅអណ្ដូងចាស់ នៅក្បែរដីចំការមួយកន្លែង ស្ថិតនៅចំណុចជប់ត្រកួន ក្នុងដែនភូមិសាស្រ្តព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោក រ៉ុន រឹត មេភូមិអូរតាម៉េង បានអោយដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះថា កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋបានរាយការណ៍មកថា មានសត្វខ្ទីង​ឈ្មោលមួយក្បាល​ បានចូលទៅក្នុងភូមិដេញវាត់ក្មេងៗ នៅចំណុចជប់ត្រកួន ក្នុងភូមិអូរតាម៉េង ឃុំ អន្លង់វែង ។ ពេលនោះអ្នកភូមិរួមទាំងប្រជាការពារ និងមន្រ្តីបរិស្ថាន​ ដែលនៅប្រចាំការនៅទីនោះ បាននាំគ្នាដេញបង្អើលឲ្យចូលទៅក្នុងព្រៃអភិរក្សគូរព្រហ្មទេព (ព្រៃស្អាក) តែសត្វខ្ទីង​មួយក្បាលនោះ បានរត់គេចចូលទៅក្នុងព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើបាត់ស្រមោល។

លោកមេភូមិបន្តថា លុះដល់វេលាម៉ោងប្រហែលជាម៉ោង១រសៀលពលរដ្ឋបានប្រទះឃើញសត្វខ្ទីងមួយក្បាល​នោះកំពុងជាប់ផុងនៅក្នុងរណ្តៅអណ្តូងចាស់ ដែល គេជីកយកទឹកប្រើប្រាស់ជាច្រើនឆ្នាំនៅ ក្នុង​ចំការ​ចេករបស់ប្រជាពលរដ្ឋ។ ភ្លាមៗនោះ លោកបានរាយការណ៍ ​និងសុំអន្តរាគមន៍ពីកម្លាំងកងរាជ​អាវុធហត្ថស្រុក​ នគរបាលស្រុក,រដ្ឋបាលព្រៃឈើ,បរិស្ថាន, ប្រជាការពារ ​និងប្រជាពលរដ្ឋ ដើម្បីជួយសង្គ្រោះអូសសត្វខ្ទីងឈ្មោលមួយក្បាលនោះ ​ចេញពីរណ្តៅអណ្តូងចាស់។

ប៉ុន្តែ​ដោយ​សារសត្វខ្ទីងឈ្មោលមួយក្បាលនេះ វាមានទម្ងន់ជាង ១ពាន់គីឡូក្រាម បើ​ទោះបី​ក្រុមការងារ​បាន​ជួយ​សង្គ្រោះចេញពីរណ្តៅអណ្តូងនៅពេលជាប់ផុងយ៉ាងណាក្តីក៏មិនអាចជួយ​សង្រ្គោះបាននោះឡើយ។

សត្វ​ខ្ទីង ជា​ប្រភេទ​សត្វ​ព្រៃធំ​មួយ​ប្រភេទ​ដែល​មាន​តម្លៃ​កាត់ថ្លៃ​មិន​បាន ហើយ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ គឺ​ការ​រស់នៅ​ក្នុង​ធម្មជាតិ​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ពិសេស​គឺ​ការ​រេចរឹល​នៃ​តំបន់​ព្រៃ​ភ្នំ​ដែល​ចេះ​តែ​រួញ​តូច​ទៅ​ៗ ។ មួយវិញទៀត ដោយសារ​សត្វ​នេះ​មាន​តម្លៃ ពួក​ព្រានព្រៃ​តែង​តាម​ប្រមាញ់​ដោយ​ប្រើប្រាស់​កាំភ្លើង​តែ​ម្តង ដែល​ពី​សម័យ​ដើម​មុន​សង្គ្រាម ព្រានព្រៃ​មាន​តែ​ស្នា​មិន​អាច​ប្រមាញ់​បាន​សត្វ​ធំ​ៗ​បែប​នេះ​ទេ ។

ខ្ទីង​មាន​មាឌធំ ខ្លួន​ខ្មៅ បូក​ក្រាស់​លាតសន្ធឹង​រហូត​ដល់​ស្ទើរ​ពាក់កណ្តាល​ខ្នង ចំណែក​.​ក​ខ្លី​បន្តិច រាង​មាំ ដោយ​មាន​បូក​នៅ​ផ្នែក​ខាងក្រោម ។ ជើង​ទាំង​បួន​ចាប់ពី​ជង្គង់​ចុះ​ក្រោម​ពណ៌​ប្រផេះ ។ នៅ​លើ​ថ្ងាស មាន​រោម​វែង​ពណ៌​ប្រផេះ ឬ​ពណ៌​លឿង​មាស​ស្រាល ។ កូន​របស់​វា​មាន​ពណ៌​ត្នោត រហូត​ដល់​វា​មាន​អាយុ​ពី​៤​ទៅ​៥​ខែ ទើប​ក្លាយទៅជា​ពណ៌​ខ្មៅ ។ ខ្ទីង​ញី​មាន​មាឌ និង​ស្នែង​តូច​ជាង​ខ្ទីង​ឈ្មោល ហើយ​ពុំ​សូវ​មាន​បូក និង​បួរ​ដូច​ខ្ទីង​ឈ្មោល​ទេ ។

ប្រជាជន​ដែល​រស់នៅ​តាម​តំបន់​ព្រៃ​ភ្នំ ច្រើន​ហៅ​ឈ្មោះ​សត្វ​នេះ​ថា «​ខ្ទីង​ភ្នំ​» ។ ស្នែង​ខ្ទីង​មាន​រាង​សំប៉ែត​ជាង​ស្នែងទន្សោង ហើយ​ដុះ​មក​ពណ៌​ប្រផេះ​ខៀវ ផ្នែក​គល់​ដុះ​ចេញ​ក្រៅ​រួច​កោង​ឡើង​ទៅ​លើ​ដូច​ទន្សោង​ដែរ ។ ខ្ទីង​មាន​ទម្ងន់​ពី​៥០០​ទៅ​១០០០​គីឡូក្រាម ។ ខ្ទីង​ឈ្មោល​ពេញវ័យ​មាន​កម្ពស់​១,៨៥​ម៉ែត្រ និង​ញី ១,៦០​ម៉ែត្រ ។ ខ្ទីង​ឈ្មោល​មាន​កម្ពស់​ខ្ពស់​បំផុត​រហូត​ដល់​២​ម៉ែត្រ ។

សត្វ​ខ្ទីង អាច​រស់នៅ​បាន​ពី​តំបន់​ទំនាប​រហូត​ដល់​រយៈកម្ពស់​២០០០​ម៉ែត្រ (​តំបន់​ខ្ពង់រាប និង​ជួរ​ភ្នំក្រវាញ​) ។ ខ្ទីង​រស់នៅ​ក្នុង​ព្រៃស្រោង ព្រៃ​ល្បោះ វាលស្មៅ និង​អាច​រស់នៅ​រយៈកម្ពស់​ខ្ពស់​ជាង​ទន្សោង ។ ជា​ធម្មតា ខ្ទីង​ចេញ​រកស៊ី​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ។ វា​ចូល​ចិត្ត​រស់នៅ​ជា​ហ្វូង ។ អាហារ​របស់​វា គឺ​ល្បាស់​ខ្ចី ទំពាំង ស្មៅ និង​វល្លិ​ជាដើម ។ ខ្ទីង​ញី​អាច​បង្កើតកូន​បាន​១​បន្ទាប់​ពី​ពពោះ​រយៈពេល​៩​ខែ ។

ខ្ទីង ជា​សត្វ​មួយ​ប្រភេទ​ដែល​ទទួល​រង​នូវ​ការ​គំរាម កំហែង​យ៉ាង​ខ្លាំង ហើយ​ចំនួន​របស់​វា​មានការ​ថយ​ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ ។ ខ្ទីង​រស់នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដូច​ជា ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង ខេត្តកោះកុង ខេត្ត ពោធិ៍សាត់ (​ជួរ​ភ្នំក្រវាញ​) និង​ខេត្តកំពង់ស្ពឺ​ជាដើម ។

បច្ចុប្បន្ន ខ្ទីង​ស្ថិត​ក្នុង​ក្រុម​ប្រភេទ​សត្វ​មាន​ដោយ​កម្រ មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប ។​គេ​កម្រ​ឃើញ​វា​រស់នៅ​តាម​វាលទំនាប​ណាស់​ព្រោះ​សត្វ​នេះ​មិន​ចូល​ចិត្ត​កម្តៅថ្ងៃ​យូរ​ពេក​ទេ ។ សត្វ​ខ្ទីង កំពុង​ប្រឈម​មុខ​នឹង​ការ​រងគ្រោះថ្នាក់​ដោយសារ​ការ​បាត់បង់​ទីជម្រក​រស់នៅ ការ​បរបាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង និង​ការ​ជួញដូរ​។ ខ្ទីង​ប្រភេទ​នេះ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU) ថា ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​សាកល ។ សត្វ​ខ្ទីង ស្ថិត​នៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​សាយ​តេស ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print