ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋនៅឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យបានប្រទះឃើញសត្វខ្ទីងចំណាស់មួយក្បាលងាប់នៅក្នុងអណ្តូងចំការរបស់ប្រជាពលរដ្ឋក្បែរព្រៃសហគមន៍ហើយបើទោះបីជាមានការប្រឹងប្រែងជួយសង្គ្រោះយ៉ាងណា ក៏ ដោយក៏មិនអាចសង្គ្រោះបានដែរ។
សត្វខ្ទីងឈ្មោលមួយក្បាលដែលជាប្រភេទសត្វមួយដ៏កម្រត្រូវបានពលរដ្ឋប្រទះរកឃើញជាប់ផុងក្នុងរណ្ដៅអណ្ដូងចាស់ នៅក្បែរដីចំការមួយកន្លែង ស្ថិតនៅចំណុចជប់ត្រកួន ក្នុងដែនភូមិសាស្រ្តព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោក រ៉ុន រឹត មេភូមិអូរតាម៉េង បានអោយដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះថា កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋបានរាយការណ៍មកថា មានសត្វខ្ទីងឈ្មោលមួយក្បាល បានចូលទៅក្នុងភូមិដេញវាត់ក្មេងៗ នៅចំណុចជប់ត្រកួន ក្នុងភូមិអូរតាម៉េង ឃុំ អន្លង់វែង ។ ពេលនោះអ្នកភូមិរួមទាំងប្រជាការពារ និងមន្រ្តីបរិស្ថាន ដែលនៅប្រចាំការនៅទីនោះ បាននាំគ្នាដេញបង្អើលឲ្យចូលទៅក្នុងព្រៃអភិរក្សគូរព្រហ្មទេព (ព្រៃស្អាក) តែសត្វខ្ទីងមួយក្បាលនោះ បានរត់គេចចូលទៅក្នុងព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើបាត់ស្រមោល។
លោកមេភូមិបន្តថា លុះដល់វេលាម៉ោងប្រហែលជាម៉ោង១រសៀលពលរដ្ឋបានប្រទះឃើញសត្វខ្ទីងមួយក្បាលនោះកំពុងជាប់ផុងនៅក្នុងរណ្តៅអណ្តូងចាស់ ដែល គេជីកយកទឹកប្រើប្រាស់ជាច្រើនឆ្នាំនៅ ក្នុងចំការចេករបស់ប្រជាពលរដ្ឋ។ ភ្លាមៗនោះ លោកបានរាយការណ៍ និងសុំអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថស្រុក នគរបាលស្រុក,រដ្ឋបាលព្រៃឈើ,បរិស្ថាន, ប្រជាការពារ និងប្រជាពលរដ្ឋ ដើម្បីជួយសង្គ្រោះអូសសត្វខ្ទីងឈ្មោលមួយក្បាលនោះ ចេញពីរណ្តៅអណ្តូងចាស់។
ប៉ុន្តែដោយសារសត្វខ្ទីងឈ្មោលមួយក្បាលនេះ វាមានទម្ងន់ជាង ១ពាន់គីឡូក្រាម បើទោះបីក្រុមការងារបានជួយសង្គ្រោះចេញពីរណ្តៅអណ្តូងនៅពេលជាប់ផុងយ៉ាងណាក្តីក៏មិនអាចជួយសង្រ្គោះបាននោះឡើយ។
សត្វខ្ទីង ជាប្រភេទសត្វព្រៃធំមួយប្រភេទដែលមានតម្លៃកាត់ថ្លៃមិនបាន ហើយអ្វីដែលជាការព្រួយបារម្ភនោះ គឺការរស់នៅក្នុងធម្មជាតិកំពុងប្រឈមនឹងបញ្ហាជាច្រើន ពិសេសគឺការរេចរឹលនៃតំបន់ព្រៃភ្នំដែលចេះតែរួញតូចទៅៗ ។ មួយវិញទៀត ដោយសារសត្វនេះមានតម្លៃ ពួកព្រានព្រៃតែងតាមប្រមាញ់ដោយប្រើប្រាស់កាំភ្លើងតែម្តង ដែលពីសម័យដើមមុនសង្គ្រាម ព្រានព្រៃមានតែស្នាមិនអាចប្រមាញ់បានសត្វធំៗបែបនេះទេ ។
ខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់លាតសន្ធឹងរហូតដល់ស្ទើរពាក់កណ្តាលខ្នង ចំណែក.កខ្លីបន្តិច រាងមាំ ដោយមានបូកនៅផ្នែកខាងក្រោម ។ ជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមពណ៌ប្រផេះ ។ នៅលើថ្ងាស មានរោមវែងពណ៌ប្រផេះ ឬពណ៌លឿងមាសស្រាល ។ កូនរបស់វាមានពណ៌ត្នោត រហូតដល់វាមានអាយុពី៤ទៅ៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ ។ ខ្ទីងញីមានមាឌ និងស្នែងតូចជាងខ្ទីងឈ្មោល ហើយពុំសូវមានបូក និងបួរដូចខ្ទីងឈ្មោលទេ ។
ប្រជាជនដែលរស់នៅតាមតំបន់ព្រៃភ្នំ ច្រើនហៅឈ្មោះសត្វនេះថា «ខ្ទីងភ្នំ» ។ ស្នែងខ្ទីងមានរាងសំប៉ែតជាងស្នែងទន្សោង ហើយដុះមកពណ៌ប្រផេះខៀវ ផ្នែកគល់ដុះចេញក្រៅរួចកោងឡើងទៅលើដូចទន្សោងដែរ ។ ខ្ទីងមានទម្ងន់ពី៥០០ទៅ១០០០គីឡូក្រាម ។ ខ្ទីងឈ្មោលពេញវ័យមានកម្ពស់១,៨៥ម៉ែត្រ និងញី ១,៦០ម៉ែត្រ ។ ខ្ទីងឈ្មោលមានកម្ពស់ខ្ពស់បំផុតរហូតដល់២ម៉ែត្រ ។
សត្វខ្ទីង អាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់២០០០ម៉ែត្រ (តំបន់ខ្ពង់រាប និងជួរភ្នំក្រវាញ) ។ ខ្ទីងរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅរយៈកម្ពស់ខ្ពស់ជាងទន្សោង ។ ជាធម្មតា ខ្ទីងចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច ។ វាចូលចិត្តរស់នៅជាហ្វូង ។ អាហាររបស់វា គឺល្បាស់ខ្ចី ទំពាំង ស្មៅ និងវល្លិជាដើម ។ ខ្ទីងញីអាចបង្កើតកូនបាន១បន្ទាប់ពីពពោះរយៈពេល៩ខែ ។
ខ្ទីង ជាសត្វមួយប្រភេទដែលទទួលរងនូវការគំរាម កំហែងយ៉ាងខ្លាំង ហើយចំនួនរបស់វាមានការថយចុះគួរឲ្យព្រួយបារម្ភ ។ ខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជា ភូមិភាគឦសាន ភូមិភាគខាងជើង ខេត្តកោះកុង ខេត្ត ពោធិ៍សាត់ (ជួរភ្នំក្រវាញ) និងខេត្តកំពង់ស្ពឺជាដើម ។
បច្ចុប្បន្ន ខ្ទីងស្ថិតក្នុងក្រុមប្រភេទសត្វមានដោយកម្រ មានដង់ស៊ីតេរស់នៅកម្រិតទាប ។គេកម្រឃើញវារស់នៅតាមវាលទំនាបណាស់ព្រោះសត្វនេះមិនចូលចិត្តកម្តៅថ្ងៃយូរពេកទេ ។ សត្វខ្ទីង កំពុងប្រឈមមុខនឹងការរងគ្រោះថ្នាក់ដោយសារការបាត់បង់ទីជម្រករស់នៅ ការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ។ ខ្ទីងប្រភេទនេះ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ថា ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល ។ សត្វខ្ទីង ស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស ៕
ដោយ៖ សូរិយា