បក្សប្រឆាំងដែលមានសំឡេងភាគច្រើននៅក្នុងសភា និងប្រធានាធិបតីកំពុងដំឡើងសំឡេងដាក់គ្នា ដោយម្ខាងបានអំពាវនាវឱ្យពលរដ្ឋ និងយោធាងើបបះបោរឈប់ស្តាប់បង្គាប់ថ្នាក់ដឹកនាំប្រទេស ឯខាងប្រធានាធិបតី លោក ម៉ាឌូយរ៉ូ បដិសេធមិនព្រមរៀបចំប្រជាមតិឡើយ ព្រោះយល់ថា ជាគម្រោងការគៀងទម្លាក់លោកពីអំណាច។
វ៉េណេស៊ុយអេឡា បានធ្លាក់ក្នុងវិបត្តិនយោបាយ អស់ជាច្រើនខែមកហើយ តែនៅថ្ងៃនេះ វិបត្តិកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដោយសភាបានច្រានចោលក្រឹត្យរបស់ប្រធានាធិបតី។
កាលពីថ្ងៃ សុក្រ ប្រធានាធិបតីវ៉េណេស៊ុយអេឡា ម៉ាឌុយរ៉ូ បានចេញក្រិត្យដាក់ប្រទេស ក្នុង “ស្ថានភាពពិសេស និងអាសន្នសេដ្ឋកិច្ច” ដើម្បីប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។ ក្រិត្យនេះ គ្រាន់តែការបន្តក្រឹត្យចាស់ ចែងកាលពីខែកុម្ភៈ ដាក់ប្រទេសក្នុងភាពបន្ទាន់សេដ្ឋកិច្ចប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់បក្សប្រឆាំង នេះគឺជាការស្វែងរកអន្តរាគមន៍ និងការបំពាក់របបយោធាឱ្យប្រទេស។ ហេតុដូច្នេះហើយបាននៅល្ងាចមិញ សភា ដែលកាន់កាប់ដោយបក្សប្រឆាំង បាននាំគ្នាបោះឆ្នោតច្រានចោលក្រឹត្យប្រធានាធិបតី ដោយសំអាងថាក្រឹត្យនោះមានតម្លៃផ្ទុយនឹងរដ្ឋធម្មនុញ្ញ៕
ដោយ មែវ សាធី