ផ្ទះប្រជាពលរដ្ឋជាង ១៣៤ខ្នងនៅខណ្ឌដង្កោរងការជន់លិចដោយសារទឹកស្ទឹងព្រែកត្នោត

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅផ្នែកខ្លះនៅខណ្ឌដង្កោកំពុងមានការព្រួយបារម្ភចំពោះស្ថានភាពទឹកស្ទឹងព្រែកត្នោតដែលលំនៅឋានមួយចំនួនបានលង់លិចទៅហើយ។ អាជ្ញាធរមានសមត្ថកិច្ចបានបន្តយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋក្នុងការការពារសុវត្ថិភាពចំពោះហានិភ័យនេះ។

បើតាមមន្ត្រីអាជ្ញាធរខណ្ឌដង្កោ ទឹកស្ទឹងព្រែកត្នោត បន្តកើនឡើងបង្កឱ្យមានការជន់លិចលំនៅឋានប្រជាពល រដ្ឋមួយចំនួន ១៣៤ខ្នងផ្ទះ​ ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ គិតត្រឹមល្ងាចថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២២។

តាមមន្ត្រីនៃរដ្ឋបាលខណ្ឌដង្កោអោយដឹងថា ត្រឹមថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ ទឹកស្ទឹងព្រែកត្នោតបានកើន ឡើងបង្កឱ្យមានការជន់លិច លំនៅឋានប្រជាពលរដ្ឋចំនួន ១៣៤ខ្នងផ្ទះ ដែលរស់នៅជាប់​នឹង​សណ្ដស្ទឹង ដែលមានសង្កាត់ចំនួន ៥ គឺសង្កាត់ គងនយ,ព្រៃវែង, សាក់សំពៅ,ស្ពានថ្ម,ព្រៃស និងសង្កាត់ជើងឯក។

ប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារក្នុងសង្កាត់ព្រៃវែង ដែលបានជម្លៀសមកទីទួលសុវត្ថិភាព និង​កំពុងរស់​នៅលើទំនប់ជាបណ្ដោះអាសន្ន ​លើកលើកឡើងថា ​ស្ថាន ភាពកម្ពស់ទឹកក្នុង​ពេលបច្ចុប្បន្ន ពុំមានការឡើងជាគំហុកនោះទេ ហេតុដូចនេះ​ ពួកគាត់ក្រោមការជួយពីអាជ្ញាធរមូលដ្ឋាន អាច​ជញ្ជូនឥវ៉ាន់ របស់របរទាន់ពេលវេលា។ យ៉ាងណាក៏ដោយអាជ្ញាធរខណ្ឌដង្កោនៅតែយកចិត្តទុកដាក់តាមដានស្ថានភាពទឹកស្ទឹងព្រែកត្នោតនេះជាប់ជានិច្ច។

បច្ចុប្បន្នពួកគាត់ក៏កំពុងបន្តមើលស្ថានភាពទឹក ​ក្រោមការជូនដំណឹង​ជាប្រចាំពីអាជ្ញាធរសង្កាត់ និង​បង្កើនការការពារសុវត្ថិភាព ​ជាពិសេសសុវត្ថិភាពក្មេងៗ។

កម្ពស់ទឹកស្ទឹងព្រែកត្នោត ទោះមានការហក់ឡើងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនក្ដី តែ​ពុំទាន់​មាន ការបាក់ទំនប់ដូចឆ្នាំកន្លងនោះទេ។ ​ចំពោះទំនប់នៅជុំវិញស្ទឹង ត្រូវបានសាងសង់​ខ្ពស់​ជាង​មុនផងដែរសម្រាប់ក្នុងភូមិសាស្រ្តខណ្ឌដង្កោ។ អាជ្ញាធរមើលឃើញថាស្ថានភាពទឹកឆ្នាំនេះមិនបង្កហានិភ័យធ្ងន់ធ្ងរដូចឆ្នាំទៅនោះឡើយ។

ក្រសួងធនធានទឹក ​និងឧតុនិយមនៅថ្ងៃទី ១១ ​ខែតុលាឆ្នាំ ២០២២នេះ បានចេញសេចក្តីជូន​ដំណឹង​ស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១២-១៨ ​ខែតុលា ឆ្នាំ២០២២ ថាកម្ពុជាបន្តទទួល​ឥទ្ធិពល​នូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន​។

ស្ថានភាពបែបនេះ​ នឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល ​សម្រាប់បណ្តាខេត្តនៅភាគខាងលើ និង​ភាគពាយ័ព្យ​អាចមានភ្លៀងក្នុងកំរិតតិច ។

ដោយឡែករាជធានី និងបណ្ដាខេត្តភាគខាងក្រោមអាចមានភ្លៀងក្នុងកំរិតពីខ្សោយទៅមធ្យម លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ។ ​ចំពោះតំបន់ខ្ពង់រាប អាចមានភ្លៀង​ក្នុងកំរិតតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ រីឯតំបន់មាត់​សមុទ្រ​អាចមាន​ភ្លៀងក្នុងកំរិតពីតិចទៅមធ្យម ​លាយឡំទៅដោយផ្គរ រន្ទះ ​និងខ្យល់កន្ត្រាក់ខ្សោយ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print