ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកព្រហស្បតិ៍ទី១៣ ខែតុលា ឆ្នាំ២០២២នេះថា៖ តាមការដកស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា ខ្ជាយ(Finger root, Chinese ginger) វាជារុក្ខជាតិនេះមានមើមជាចង្កោមប៉ុនមេដៃ ដើមមានកម្ពស់ ៥០-៨០ស.ម។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ដើមនីមួយៗមានស្លឹកតិច ស្លឹករួមតូចនៅគល់ ស្រួចចុង ហើយរីកធំនៅផ្នែកកណ្តាល (ovate) មានប្រវែង២៥-៥០ស.ម ទទឹង ៥-១២ស.ម ពណ៌បៃតងចាស់ ស្ទបស្លឹក (sheath) ពណ៌ក្រហម ទងស្លឹកប្រវែង ៦-១៦ស.ម។ ផ្កាមានក្លឹនក្រអូប ត្របកផ្កាជាបំពង់ប្រវែង១,៥-២ស.ម ស្រទាប់ផ្កាពណ៌សឬផ្កាឈូក។ ស្រទាប់ធំ (labellum) ពណ៌សឬលឿងស្រាល និងពណ៌ក្រហមលាយស្វាយនៅចុងស្រទាប់។
ចំណែកផ្កាមានកេសរឈ្មោល១ (stamen) កប់ក្នុងស្រទាប់ផ្កាដោយមានទងខ្លី នៅសងខាងស្រទាប់ធំមានកេសរឥតផល (staminode) លាតធំស្រដៀងស្រទាប់ផ្កា ហើយមានពណ៌ផ្លាឈូកស្រាល។ សាច់មើមមានក្លឹនឈ្ងុយ និងត្រូវបានគេនាំចូលយកមកដាំនៅគ្រប់កន្លែងនៅកម្ពុជា។
សូមជម្រាបថា ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖ គ្រឿងទេស មើមស្លសម្លទឹកខ្ជាយ ប្រហើរ និងម្ជូរគ្រឿង។ល។ រីឯឱសថ មើមព្យាបាលការឈឺពោះ ប្រេះមាត់ ស្ងួតមាត់ អាសន្នរោគ ពិស និងធ្លាក់ស៕ដោយ៖សហការី