ភ្នំពេញ : អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន ១៥៧នាក់ ស្រី២៦នាក់។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន ១៥៧នាក់ ស្រី២៦នាក់ មាន០២សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម ចំនួន១៥៣នាក់ ស្រី២៦នាក់ និងជនជាតិចិនចំនួន០៤នាក់ ភេទប្រុស ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ។
ជនបរទេសចំនួន១៥៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅ និងធ្វើការខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ។
អាស្រ័យដូចបានជម្រាប់ជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ : សិលា