ក្រុមហ៊ុនអចលនទ្រព្យ​ថៃ​មើលឃើញពីការកើនឡើង​នៃទីផ្សារអចលនទ្រព្យ​​​

ចែករំលែក៖

ក្រុមហ៊ុន​អចលនទ្រព្យ​ថៃដែលបាន​ចុះបញ្ជី​មានភាពជឿជាក់ថា លទ្ធផល​ហិរញ្ញវត្ថុ​របស់​ពួកគេ​​ក្នុងត្រីមាសទី១នេះ នឹង​ឆ្លុះបញ្ចាំង​ពី​កំណើន​ទីផ្សារ​ដ៏ខ្លាំងមួយ​នៅចុងឆ្នាំនេះ​ ដោយសារតែ​កិច្ច​ខិត​ខំប្រឹងប្រែង​នៃការ​ជំរុញ​សេដ្ឋកិច្ច​របស់រដ្ឋាភិបាល​ និង​ការងើបឡើងវិញនៃសេដ្ឋកិច្ច​របស់ប្រទេសនេះ​។​​​

ក្រុមហ៊ុនទាំងនោះបាន​ព្យាករថាកំណើនទីផ្សារ​អចលនទ្រព្យ​ទាំងមូល​នឹងកើនឡើង​ ១០ភាគរយក្នុងឆ្នាំនេះ​ ហើយតម្លៃ​ទីផ្សារ​ពេញមួយឆ្នាំនេះ​នឹងមាន​ជាង ៣៨០​ពាន់លានបាត​នៅក្នុង​ទីក្រុង​បាងកក​។​ ពួកគេ​បានមើលឃើញពី​គំនិ​តសុទិដ្ឋិនិយម​ក្នុងផ្នែកដ៏ធំមួយ​ ​ដោយសារតែ​លទ្ធផល​នៃ ហរិញ្ញវត្ថុ​របស់ពួកគេកាលពីត្រីមាសទី​១​ ដែល​កើនឡើងយ៉ាងខ្លាំង​ បន្ទាប់​ពីមានវិធានការ​កាត់​បន្ថយ​ប្រាក់​សេវាកម្មផ្លាស់ប្តូរទី​​កន្លែង និង​កម្ចី​របស់រដ្ឋាភិបាល​ដល់ ០,១​ភាគរយ​។​ប៉ុន្តែវិធានការរបស់​រដ្ឋាភិបាល​​នេះ​បាន​ផុត​កំណត់កាលពីខែមេសាហើយ​។

លោក Piya Prayong ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ Pruksa Real Estate បាន​មានប្រសាសន៍ថា «យើង​បាន​ប៉ាន់ស្មាន​ថា កំណើន​តម្លៃទីផ្សារ​សរុប​មាន​យ៉ាងហោចណាស់ ៨ភាគរយ​នៅក្នុងឆ្នាំនេះ​ ពោល​គឺមាន​តម្លៃ ៣៨៣,១៨​ពាន់លាន​បាត​នៅក្នុង​ទីក្រុង​បាងក​ក​និង​នៅជាយក្រុង​​ បន្ទាប់​ពី​មើលឃើញពី​តម្លៃគេហដ្ឋាន​កើនឡើងដល់ ៥ពាន់លាន​បាត​​កាលពី​៤ខែដំ​បូ​ងនៃឆ្នាំនេះ​»។

លោក Wanchak Buranasiri ប្រធាន​ប្រតិបត្តិ​របស់ក្រុមហ៊ុន​អចលនទ្រព្យ Sansiri បាន​មានប្រសាសន៍ថា​ ក្រុមហ៊ុន​នេះ​ក៏មានភាព​ជឿជាក់​នៅក្នុងទីផ្សារ​អចលនទ្រព្យ​នៅទីក្រុង​បាង​ក​ក​ដែរ ហើយ​បាន​ប៉ាន់ស្មានថានឹង​មានកំណើន​ចន្លោះពី៥ ទៅ​ ១០ភាគរយ​ថែមទៀតផង​។​

ក្រុមហ៊ុននេះ​គ្រោងនឹង​ដាក់ចេញ​នូវ​គម្រោង​ថ្មីៗ​ចំនួន ៥​ ដែលមាន​តម្លៃ ៧,៣៨​ពាន់លាន​បាត​ ដែលគម្រោងនេះនឹង​ជំរុញ​កំណើនៃ​ការលក់​របស់ខ្លួន ដែល​បាន​កំណត់​ក្នុង​តម្លៃ ៤២ពាន់លាន​បាតកាលពីឆ្នាំមុន​ ពោល​គឺកើនឡើង ៤៧​ភាគរយ​។​

លោក​បាន​បន្ថែមទៀតថា ចំណូល​ពេញមួយឆ្នាំ​ត្រូវបានគេ​ព្យាករថា​ នឹង​មាន​តម្លៃ ៣៦បាត​បន្ទាប់​ពី​ក្រុមហ៊ុន​ Sansiri ទទួល​បានចំណូល ៧,៦៨​ពាន់លាន​បាត​ក្នុងត្រីមាសទី​១នេះ ពោលគឺកើនឡើង ១០,១៨​ភាគរយ​បើធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន​។​​

លោក Nuttphong Kunakornwong ប្រធាន​ប្រតិបត្តិរបស់ក្រុមហ៊ុន​ SC Asset បានមានប្រសាសន៍ថា វិធានការ​របស់រដ្ឋាភិបាល​ ស្តីពីកាត់​បន្ថយ​តម្លៃ​សេវាកម្ម​ផ្លាស់ប្តូរទីកន្លែង​ស្នាក់នៅ​ និង​ប្រាក់​កម្ចី​ដល់ ០,០១​ភាគរយនោះ បានជួយជំរុញ​ការកើនឡើង​ទីផ្សារ​អចលនទ្រព្យ​​ទាំងមូល​នៅក្នុងត្រីមាសទី​១​នេះ​​។

ក្រុមហ៊ុនទទួល​បាន​ផល​ចំណេញ​ពី​វិធានការ​នេះ​ប្រហែលជា ៣,៣២​ពាន់លាន​បាតហើយ​ចំណូល​សុទ្ធ​មាន​ចំនួន ៤៦៩​លាត​បាត​​កាលពីត្រីមាសទី​១។​

ក្រុមហ៊ុនក៏នឹងគ្រោង​ដាក់ចេញនូវ​គម្រោង​គេហដ្ឋាន​ចំនួន ២ទៀតដែលមាន​ចំនួន ១,៦៦​ពាន់លាន​បាត​ ដោយ​ផ្តោតទៅលើ​វិស័យទីផ្សារ​លំដាប់មធ្យម​និងខ្ពស់​ ដែលមាន​តម្លៃចន្លោះប្រហែលពី ៣លាន​បាត ទៅ​១០លានបាត​ក្នុងមួយ​យូនីត​។​

លោក​បាន​បន្ថែមទៀតថា «អតិថិជន ដែលទិញផ្ទះ​របស់យើងជាសាច់ប្រាក់សុទ្ធ​បានកើនឡើង ៣៥ភាគរយ​ ដែលនេះគឺជាកត្តា​ ដែល​យើង​មានភាពជឿជាក់ថា ចំណូលរបស់យើង​នឹង​ទទួល​បាន​តាមការកំណត់ ២៥​ពាន់លាន​បាត​ត្រឹម​ចុងឆ្នាំនេះ​»។

សូមបញ្ជាក់ថា ក្នុងចំណោម​ក្រុមហ៊ុន​អលចនទ្រព្យ​ចំនួន ១០ ក្នុង​នោះ​មាន ៩បាន​ប្រកាសថា ចំណូល​ទូទៅ​ និង​ចំណូល​សុទ្ធ​របស់ពួកគេ​បានកើនឡើងនៅក្នុង​ត្រីមាសទី​១​​នៃឆ្នាំនេះ​៕

image001

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print