ក្រុមហ៊ុនអចលនទ្រព្យថៃដែលបានចុះបញ្ជីមានភាពជឿជាក់ថា លទ្ធផលហិរញ្ញវត្ថុរបស់ពួកគេក្នុងត្រីមាសទី១នេះ នឹងឆ្លុះបញ្ចាំងពីកំណើនទីផ្សារដ៏ខ្លាំងមួយនៅចុងឆ្នាំនេះ ដោយសារតែកិច្ចខិតខំប្រឹងប្រែងនៃការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល និងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។
ក្រុមហ៊ុនទាំងនោះបានព្យាករថាកំណើនទីផ្សារអចលនទ្រព្យទាំងមូលនឹងកើនឡើង ១០ភាគរយក្នុងឆ្នាំនេះ ហើយតម្លៃទីផ្សារពេញមួយឆ្នាំនេះនឹងមានជាង ៣៨០ពាន់លានបាតនៅក្នុងទីក្រុងបាងកក។ ពួកគេបានមើលឃើញពីគំនិតសុទិដ្ឋិនិយមក្នុងផ្នែកដ៏ធំមួយ ដោយសារតែលទ្ធផលនៃ ហរិញ្ញវត្ថុរបស់ពួកគេកាលពីត្រីមាសទី១ ដែលកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីមានវិធានការកាត់បន្ថយប្រាក់សេវាកម្មផ្លាស់ប្តូរទីកន្លែង និងកម្ចីរបស់រដ្ឋាភិបាលដល់ ០,១ភាគរយ។ប៉ុន្តែវិធានការរបស់រដ្ឋាភិបាលនេះបានផុតកំណត់កាលពីខែមេសាហើយ។
លោក Piya Prayong ប្រធានក្រុមហ៊ុនអចលនទ្រព្យ Pruksa Real Estate បានមានប្រសាសន៍ថា «យើងបានប៉ាន់ស្មានថា កំណើនតម្លៃទីផ្សារសរុបមានយ៉ាងហោចណាស់ ៨ភាគរយនៅក្នុងឆ្នាំនេះ ពោលគឺមានតម្លៃ ៣៨៣,១៨ពាន់លានបាតនៅក្នុងទីក្រុងបាងកកនិងនៅជាយក្រុង បន្ទាប់ពីមើលឃើញពីតម្លៃគេហដ្ឋានកើនឡើងដល់ ៥ពាន់លានបាតកាលពី៤ខែដំបូងនៃឆ្នាំនេះ»។
លោក Wanchak Buranasiri ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនអចលនទ្រព្យ Sansiri បានមានប្រសាសន៍ថា ក្រុមហ៊ុននេះក៏មានភាពជឿជាក់នៅក្នុងទីផ្សារអចលនទ្រព្យនៅទីក្រុងបាងកកដែរ ហើយបានប៉ាន់ស្មានថានឹងមានកំណើនចន្លោះពី៥ ទៅ ១០ភាគរយថែមទៀតផង។
ក្រុមហ៊ុននេះគ្រោងនឹងដាក់ចេញនូវគម្រោងថ្មីៗចំនួន ៥ ដែលមានតម្លៃ ៧,៣៨ពាន់លានបាត ដែលគម្រោងនេះនឹងជំរុញកំណើនៃការលក់របស់ខ្លួន ដែលបានកំណត់ក្នុងតម្លៃ ៤២ពាន់លានបាតកាលពីឆ្នាំមុន ពោលគឺកើនឡើង ៤៧ភាគរយ។
លោកបានបន្ថែមទៀតថា ចំណូលពេញមួយឆ្នាំត្រូវបានគេព្យាករថា នឹងមានតម្លៃ ៣៦បាតបន្ទាប់ពីក្រុមហ៊ុន Sansiri ទទួលបានចំណូល ៧,៦៨ពាន់លានបាតក្នុងត្រីមាសទី១នេះ ពោលគឺកើនឡើង ១០,១៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក Nuttphong Kunakornwong ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន SC Asset បានមានប្រសាសន៍ថា វិធានការរបស់រដ្ឋាភិបាល ស្តីពីកាត់បន្ថយតម្លៃសេវាកម្មផ្លាស់ប្តូរទីកន្លែងស្នាក់នៅ និងប្រាក់កម្ចីដល់ ០,០១ភាគរយនោះ បានជួយជំរុញការកើនឡើងទីផ្សារអចលនទ្រព្យទាំងមូលនៅក្នុងត្រីមាសទី១នេះ។
ក្រុមហ៊ុនទទួលបានផលចំណេញពីវិធានការនេះប្រហែលជា ៣,៣២ពាន់លានបាតហើយចំណូលសុទ្ធមានចំនួន ៤៦៩លាតបាតកាលពីត្រីមាសទី១។
ក្រុមហ៊ុនក៏នឹងគ្រោងដាក់ចេញនូវគម្រោងគេហដ្ឋានចំនួន ២ទៀតដែលមានចំនួន ១,៦៦ពាន់លានបាត ដោយផ្តោតទៅលើវិស័យទីផ្សារលំដាប់មធ្យមនិងខ្ពស់ ដែលមានតម្លៃចន្លោះប្រហែលពី ៣លានបាត ទៅ១០លានបាតក្នុងមួយយូនីត។
លោកបានបន្ថែមទៀតថា «អតិថិជន ដែលទិញផ្ទះរបស់យើងជាសាច់ប្រាក់សុទ្ធបានកើនឡើង ៣៥ភាគរយ ដែលនេះគឺជាកត្តា ដែលយើងមានភាពជឿជាក់ថា ចំណូលរបស់យើងនឹងទទួលបានតាមការកំណត់ ២៥ពាន់លានបាតត្រឹមចុងឆ្នាំនេះ»។
សូមបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនអលចនទ្រព្យចំនួន ១០ ក្នុងនោះមាន ៩បានប្រកាសថា ចំណូលទូទៅ និងចំណូលសុទ្ធរបស់ពួកគេបានកើនឡើងនៅក្នុងត្រីមាសទី១នៃឆ្នាំនេះ៕
ដោយ៖ សីលា