ខេត្តបន្ទាយមានជ័យ : រដ្ឋមន្រ្តីថ្មី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឌិត ទីណា ជិះគោយន្តពិនិត្យស្ថានភាពស្រូវដែលកំពុងលិចទឹក នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះ! ដើម្បីទទួលបានព័ត៌មានជាក់លាក់ ពីផលប៉ះពាល់ និងរកដំណោះស្រាយ ជួយដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ។
សូមបញ្ជាក់ថា, ក្រោយឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ភ្លាម, លោក ឌិត ទីណា រួមជាមួយមន្រ្តីជំនាញ បានចំណាយពេលចុះពិនិត្យតាមខេត្ត ទីជនបទរហូត ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងពីផលដំណាំដែលជួបបញ្ហាផ្សេងៗ ជាពិសេសតំបន់ខ្លះត្រូវបានទឹកជន់លិច!
ប្រជាពលរដ្ឋសង្ឃឹមថា, រដ្ឋមន្រ្តីថ្មីកសិកម្ម នឹងអាចដោះស្រាយបញ្ហាកសិកម្មជូនបងប្អូនកសិកររបស់យើង ទទួលបានប្រសិទ្ធខ្ពស់ ហើយអ្វីដែលកសិកររបស់យើងចង់បានបំផុតនោះ គឺពួកគាត់ចង់បានការចំណេញខ្ពស់ជាមួយទិន្នផលកសិកផលពួកគាត់!
ប្រជាពលរដ្ឋសូមជូនពរលោករដ្ឋមន្រ្តីមានសុខភាពល្អ និងទទួលបានជោគជ័យសម្រាប់ភារកិច្ចថ្មីលើវិស័យកសិកម្មរបស់យើង! ។
សូមបញ្ជាក់ថា, នៅទឹកដីខេត្តកំពង់ចាម កាលពីម្សិលមុិញ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងថា, ថ្ងៃនេះ ខ្ញុំមានឱកាសបានរាស់ដីដោយប្រើគោយន្តជាលើកដំបូងនៅក្នុងជីវិត។ បើទោះបីជាមានជំនួយពីគ្រឿងយន្តក៏ពិតមែន ប៉ុន្តែការងារនេះមិនស្រួលពេកទេ។ ពុកម៉ែបងប្អូនកសិករពិតជាហត់នឿយណាស់។
លោករដ្ឋមន្ត្រីបានបន្តថា, ខ្ញុំសូមអរគុណបងប្អូនកសិករនៅខេត្តកំពង់ចាមថ្ងៃនេះ ដែលបានចំណាយពេលអញ្ជើញចូលរួមនៅក្នុងកម្មវិធីសំណេះសំណាលជាមួយខ្ញុំ និងបានអនុញ្ញាតឱ្យខ្ញុំបានចុះស្រែធ្វើស្រូវដោយផ្ទាល់។
បេសកកម្មរបស់ខ្ញុំថ្ងៃនេះ សម្រេចបានការចែកស្រូវពូជដល់បងប្អូនកសិករចំនួន ៤៩៧គ្រួសារ មកពីឃុំចំនួន៤ គឺ ឃុំកៀនជ្រៃ ឃុំរចេក ឃុំហាន់ជ័យ និងឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
គោលដៅបន្ទាប់សម្រាប់បេសកកម្មរបស់ខ្ញុំថ្ងៃស្អែក គឺខេត្តសៀមរាប។
លោកថា, ទាំងអស់គ្នាដើម្បីកសិកម្មកម្ពុជា ៕
ដោយ : សិលា