ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកFord Ranger Raptor មួយគ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករះចូលសួនច្បារការាសសាំងptt បណ្ដាលឱ្យដើមផ្កាលម្អសួនបាក់អស់ជាច្រើនដើម និងបង្គោលភ្លើងថ្មមួយដើមរងការខូចខាត រួមនឹងរបងដែកការាសសាំងបាក់អស់ជាច្រើនផ្ទាំងរាបដល់ដី រីឯរថយន្តបង្កខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចការាសសាំង ptt តាមបណ្ដោយផ្លូវលេខ៥៩៨ កែងនឹងផ្លូវលេខ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Ford Ranger Raptor ស៊េរីឆ្នាំ២០២៣ មួយគ្រឿងពណ៌ក្រហម ពាក់ផ្លាកលេខកម្ពុជាMCH-8586បើកបរតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវលេខ១៨០០ បានជ្រុលចង្កូតទៅបុករះចូលសួនការាសសាំងptt បាក់ដើមផ្កាលម្អសួនអស់ជាច្រើនដើម និងបង្គោលភ្លើងថ្មមួយដើមប្រេះបែកនិងរលើងគ្រឹះបណ្ដាលឱ្យទ្រេត និងរបងការាសសាំងបាក់អស់ជាច្រើនផ្ទាំងរាបដល់ដី ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខដាច់កង់មួយចំហៀងចេញពីតួនិងដាច់កង់សាគួធ្លាក់ចុះមកក្រោម រងការខូចខាតយ៉ាងដំណំ តែក្នុងហេតុការណ៍នេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានតំណាងភាគីរថយន្តបង្ក រួមនឹងខាងក្រុមហ៊ុនអគ្គិសនីចុះដល់កន្លែងកើតហេតុ។ បន្ទាប់មកសមត្ថកិច្ចបានប្រាប់ថាភាគីខាងរថយន្តនិងភាគីការាសសាំងបានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងហើយ រួចឱ្យរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង។ចំណែកភាគីខាងរថយន្តបង្កនិងខាងភាគីក្រុមហ៊ុនអគ្គិសនីបានយកលេខទូរស័ព្ទគ្នាទុកទំនាក់ទំនងគ្នាដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ