ខេត្តពោធិ៍សាត់៖ គួរឲ្យញាក់សាច់ ដើមត្នោម១ដើមត្រូវបានខ្យល់ព្យុះកន្ទ្រាក់គួចបាក់ដាច់ជា២កំណាត់ ដួលរលំសង្កត់លើផ្ទះ១ខ្នងរងការខូចខាតទាំងស្រុង ប៉ុន្តែពុំមានបណ្ដាលឲ្យមនុស្សណាម្នាក់ ឬសត្វធាតអ្វីរងការគ្រោះថ្នាក់នោះទេ ។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
អាជ្ញាធរប្រាប់ថា ផ្ទះដែលដើមត្នោតបាក់ដាច់ជា២កំណាត់ដួលរលំសង្កត់នោះ សង់អំពីឈើទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ រនាបក្រាលក្តា ជញ្ជាងបាំងក្តា ដំបូលប្រក់ស័ង្កសី ដែលម្ចាស់គាត់ឈ្មោះ វង់ សុន ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ។
ប្រភពព័ត៌មានពីអាជ្ញាធរដដែលបន្តថា ខណៈនោះផ្ទៃមេឃខ្មៅធ្លាក់ភ្លៀងតិចៗ លាយឡំផ្គររន្ទះខ្យល់ខ្លាំង ធ្វើឲ្យដើមត្នោត១ដើមនេះបាក់ជា២កំណាត់ដូចគេកាច់ ធ្លាក់មកសង្កត់ចំកណ្ដាលផ្ទះបណ្ដាលឲ្យខូចខាតទាំងស្រុង ប៉ុន្តែពុំមានបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសអ្វីនោះឡើយ ព្រោះម្ចាស់ផ្ទះឃើញហេតុគ្រោះធម្មជាតិ១នេះ ដូចជាសាហាវពេក ក៏នាំប្រពន្ធកូនទៅជ្រកផ្ទះញាតិក្បែរខាងអស់ ដើរចេញមិនបានប៉ុន្មាននាទីផង ស្រាប់តែដើមត្នោតធ្លាក់មកសង្កត់ផ្ទះលាន់ដូចរន្ទះគួរឲ្យញាក់សាច់ ។
ប្រភពបន្តទៀតថា ទោះបីយ៉ាងណា នេះជាគ្រោះធម្មជាតិ យ៉ាងណាៗ ហេតុការណ៍បានកើតរួចបាត់ទៅហើយកត្តាសំខាន់គ្មានមនុស្សគ្រោះថ្នាក់ ហើយអាជ្ញាធរក៏បានជួយចាត់ចែងគាត់តាមការជាក់ស្ដែងចុះ ៕
ដោយប៉ឺម ពិន