ភ្នំពេញ៖ ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន សរុបជិត៤គីឡូក្រាម ត្រូវបានកម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជាបន្ទាប់បន្ត រួចយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ នៅថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២។
យោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២២:១៥នាទី បានឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ខណៈកម្លាំងចុះល្បាតដល់នៅចំណុចគង់ហុង ផ្លូវលំ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ជនសង្ស័យឈ្មោះ ម៉ុន ប៊ុននាង ហៅ ពេក ភេទ ប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន វត្ថតាងដកហូត៖ ក្រាមសថ្លា (សង្ស័យជាសារធាតុញៀន) ១ថង់ធំល្មម។
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង១៣:១៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ បង្ក្រាប ឆែកឆេរករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះលេខ១១ផ្លូវមង្គលA ភូមិតាព្រំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នុត កែវសាវរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។ បន្ទាប់ពីបានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ នុត កែវសាវរ៉ា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវឃាត់ខ្លនជនសង្ស័យចំនួនម្នាក់ទៀត ភេទប្រុស ជនជាតិខ្មែរ នៅចំណុចផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ។
វត្ថុតាងដកហូត៖ ថ្នាំញៀន ចំនួន១០,៦១៧គ្រាប់ ប្រភេទកញ្ចប់រូបសេះ ពណ៌ក្រហម ចំនួន០៩កញ្ចប់ (ប្រភេទអ៉ិចស្តាស៊ី (MDMA) ពណ៌ផ្កាឈូក ចំនួន៤,000គ្រាប់, ប្រភេទអ៉ិចស្តាស៊ី (MDMA) ពណ៌បៃតងខ្ចី ចំនួន៦,៦១៧គ្រាប់, ប្រភេទអ៉ិចស្តាស៊ី (MDMA) ពណ៌ក្រហមរូបសេះ ចំនួន 0៩កញ្ចប់, ប្រភេទអ៉ិចស្តាស៊ី (MDMA) ម្ស៉ៅម៉ដ្ឋ ពណ៌ទឹកសមុទ្រ ទម្ងន់១១២.១៥g, ប្រភេទមេតំហ្វេតាម៉ីន (Ice) ទម្ងន់២១៨.៧៥g, ជញ្ជីងសម្រាប់ថ្លឹង ចំនួន០១គ្រឿង, រថយន្ត ចំនួន០១គ្រឿង និងម៉ូតូ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញត្រៀមបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕ ដោយ៖សហការី