ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៏ផ្អើលដល់ក្រុមអាជីវករលក់ដូរនៅផ្សារវាលយន្តទាំងថ្ងៃខណះមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ មិនគោរពសិទ្ធិអាទិភាព បុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលអោយបុរសម្នាក់រងរបួសក្បាលធ្ងន់ធ្ងរ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២ លើផ្លូវបំបែកលេខ ២១៣ ស្ថិតក្នុងភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ។
យោងតាម សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាបុរសដែលរងរបួសធ្ងន់មានឈ្មោះ កែវ ដារ៉ា អាយុ ៣៩ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិស្វាយរៀង សង្កាត់់ ក្រុងស្វាយរៀងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FY ៧៦០៣ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានស្គាល់ឈ្មោះលី ចំរើន អាយុ ២៧ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ ព្រះបាក់ក ឃុំ ព្រៃធំ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀងបើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ ៣C ០៤២៥ ។
យោងតាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FY ៧៦០៣លើផ្លូវបំបែកលេខ ២១៣ក្នុងទិសដៅពីត្បូងទៅជើងខណះនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ៣C ០៤២៥
ដោយធ្វើដំណើរពីកើតមកលិចមិនគោរពសិទ្ធិអាទិភាព ក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកលក់ដូរនៅផ្សារវាលយន្តនិងសមត្ថកិច្ចតែម្ដង។
ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ចំណែកអ្នករបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យខេត្តស្វាយរៀង៕
ដោយ៖ សុថាន