ខេត្តកណ្ដាល: បុរសម្នាក់ពុំដឹងជាមានវិបត្តិអ្វីនោះទេបានយកច្រវាក់មកចងកបញ្ចប់ជីវិតខ្លួនឯងទៅនឹងធ្នឹមផ្ទះ ។ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី នៅចំណុចភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជា ជាង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់ល្វា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលឃុំវិហារសួគ៌បានសហការជាមួយកម្លាំងជំនាញស្រុក និងក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ ធ្វើការពិនិត្យឃើញថា សាកសពមានមានស្នាមជាំលើ.កពីគុម្ពត្រចៀកឆ្វេងដល់គុម្ពត្រចៀកស្តាំ រីឯផ្នែកក្បាល ដងខ្លួន អវៈយវៈពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។
សន្និដ្ឋាន ៖ តាមជំនាញនិងយោបល់គ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារចងកធ្វេីអត្តឃាត ហេីយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ដោយស្អាងជ័យ