ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តឡិចស៊ីស lx 570មួយគ្រឿងខណៈមេឃកំពុងភ្លៀង បានជ្រុលចង្កូតទៅបុកបារាស់ការដ្ឋានបាំងកន្លែងជួសជុលផ្លូវបណ្ដាលឲ្យប៉ើងរាយប៉ាយពេញផ្លូវរួចព្យាយាមបើករត់ប្រមាណជិត ២០០ ម៉ែត្រ ត្រូវបានកល់ធុងសាំងនៅក្រោមរថយន្តជាប់ទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៤៥ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវហាណូយ ក្បែរនិងការាសសាំងកាតិច ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ជធានីភ្នំពេញ។
តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តឡិចស៊ីស lx 570 មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BC-7799ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកបារ៉ាស់ ការដ្ឋានមានបារ៉ាស់និងធុងសាំងដែលដាក់បាំងកន្លែងជួសជុលផ្លូបណ្តាលប៉ើងនិងបាក់រប៉ាត់រប៉ាយពេញផ្លូវ ហើយរថយន្តបង្កព្យាយាមបើករត់ដោយទាំងធុងមួយរហូតទៅដល់ចំណុចផ្លូវរថភ្លើងបានកល់ធុងសាំងជាប់ទៅមុខលែងរួច។
ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានហៅគ្នីគ្នាមកជួយដើម្បីដូយយកធុងសាំងចេញពីក្រោមរថយន្តរួចបើកចេញពីកន្លែងកើតហេតុបាត់ ដោយមិនរំខានដល់សមត្ថកិច្ច៕ ដោយ៖សុខាសែនជ័យ