ភ្នំពេញ : ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងទិសដៅជំរុញការអភិវឌ្ឍចំណេះដឹងឌីជីថល និងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព ក.ប.ទ. បានរៀបចំកម្មវិធី “កម្ពុជាឆ្ពោះទៅឌីជីថល” (Go Digital Cambodia) ស្របតាមទិសដៅកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ តាមរយៈកម្មវិធីនេះ ក.ប.ទ. បានបង្កើតគេហទំព័រ https://godigital.gov.kh ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មាន ទិន្នន័យ ចំណេះដឹងឌីជីថលចាំបាច់មានជាអាទិ៍ សុវត្ថិភាពតាមប្រព័ន្ធអនឡាញ មុខងារឧបករណ៍ឌីជីថល ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ការទិញទំនិញអនឡាញ និងការយល់ដឹងពីបច្ចេកវិទ្យាហិរញ្ញវត្ថុ។ តាមរយៈថ្នាលឌីជីថលនេះ សាធារណជនអាចស្វែងរកព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការធ្វើបរវិត្តកម្មឌីជីថលនៅកម្ពុជា និងអាចចូលរួមនៅក្នុងគំនិតផ្តួចផ្តើមនានាដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជាប្រកបដោយបរិយាបន្ន។
ដើម្បីគាំទ្រដល់ការដាក់ឱ្យប្រើប្រាស់កម្មវិធី “កម្ពុជាឆ្ពោះទៅឌីជីថល” និងជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍ដល់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់អ្នកផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត ក.ប.ទ. បានរៀបចំកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូអប់រំលើប្រធានបទចំនួនពីរ៖ (១) មួយថ្ងៃក្នុងពិភពឌីជីថល និង (២) វិធីរក្សាគណនីហ្វេសប៊ុកឱ្យមានសុវត្ថិភាព។ សម្រាប់ប្រធានបទទី១ បេក្ខជនតម្រូវឱ្យរៀបចំមាតិកាវីដេអូចែករំលែកបទពិសោធពីការប្រើប្រាស់ឧបករណ៍/កម្មវិធីឌីជីថលនានា (Digital Tools) ដែលមានប្រយោជន៍បម្រើឱ្យការសិក្សាឬការងារប្រចាំថ្ងៃរបស់ខ្លួន។ សម្រាប់ប្រធានបទទី២ បេក្ខជនតម្រូវឱ្យរៀបចំជាមាតិកា វីដេអូស្តីពីវិធីសាស្រ្តនានាក្នុងការរក្សាសុវត្ថិភាពគណនីហ្វេសប៊ុករបស់ខ្លួន។ មាតិកាវីដេអូចំនួនបីដែលទទួលបានពិន្ទុខ្ពស់ជាងគេសម្រាប់ប្រធានបទនីមួយៗនឹងទទួលបានរង្វាន់ពីកម្មវិធីពី ១លាន ដល់ ៤លានរៀល។ ជ័យលាភីទាំងអស់នឹងមានឱកាសក្លាយជាអ្នកផលិតមាតិកាអប់រំសម្រាប់ ក.ប.ទ. និងត្រូវអញ្ជើញចូលរួមកម្មវិធីជជែកសំណេះសំណាល ជាមួយតំណាងក្រុមហ៊ុនហ្វេសប៊ុកនៅកម្ពុជាផងដែរ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមប្រើប្រាស់គេហទំព័រនៃកម្មវិធីនេះឱ្យបានទូលំទូលាយ ៕
សហការី