ភ្នំពេញ ៖ បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតដោយចងកខ្លួនឯងនៅក្នុងបន្ទប់ជួល ព្រោះតែតូចចិត្តរឿងគ្រួសារលែងលះគ្នា និងបងស្តីបន្ទោសឱ្យបន្តិចបន្តួច។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សព មានឈ្មោះឈឹង កែវ អាយុ២៨ឆ្នាំ មុខរបរដើរទិញអេតចាយ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយបងក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅ ភូមិរំចេក ឃុំត្រពាំងប្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។
ប្រភពពត៌មានពីបុរសម្នាក់ដែលរស់នៅជាប់កន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ រូបគាត់បានឃើញបុរសរងគ្រោះតែងតែមកអង្គុយលេងនៅខាងមុខបន្ទប់ជួលជាន់ទី១ដែលជាបន្ទប់កើតហេតុអស់រយៈពេល៥ថ្ងៃមកហើយ តែបន្ទប់ជួលនោះមិនមានមនុស្សរស់នៅទេ។ លុះមកដល់ម៉ោងកើតហេតុ បុរសដែលធ្វើអត្តឃាតខ្លួនឯងនេះក៏បានមកអង្គុយលេងនៅខាងមុខបន្ទប់ជួលនោះម្តងទៀតទាំងទឹកមុខស្រងូតស្រងាត់ និងមានខ្សែមួយចង្វាយកាន់នៅដៃ។ ក្រោយមកបុរសនេះក៏បានយកខ្សែនោះដើរចូលទៅខាងក្នុងបន្ទប់ រួចក៏ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់នោះតែម្តងទៅ។ ភ្លាមៗនោះដែរ ដោយមានប្រជាពលរដ្ឋរស់នៅជិតខាងដើរឆ្លងកាត់ឃើញបុរសរូបនោះចងកសម្លាប់ខ្លួន ក៏បានស្រែកឆោឡោហៅបងប្រុសជនរងគ្រោះ និងប្រជាពលរដ្ឋជិតខាងឱ្យឡើងមកជួយដើម្បីកាត់ខ្សែទម្លាក់ចុះមកក្រោម។ ក្រោយពីកាត់ខ្សែទម្លាក់ចុះមកក្រោម ពិនិត្យទៅឃើញថា បុរសរូបនោះបានស្លាប់បាត់ទៅហើយ ក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុភ្លាមៗ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ ដើម្បីឲ្យចុះមកពិនិត្យសព។ ក្រោយពិនិត្យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនមែន រួចក៏ធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ