ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយខ្លួនឯង ព្រោះតែរូបគាត់ស្រវឹងស្រាឡើងជោគជាំ ហើយជិះម៉ូតូលឿនទៅគៀរម៉ូតូមួយគ្រឿងទៀតដែលនៅពីមុខបណ្ដាលឲ្យដួលបោកទៅនិងថ្នល់។ ចំណែកឯម៉ូតូដែលត្រូវបានគៀរនោះរងរបួសស្រាលរួចលើកម៉ូតូជិះបន្តដំណើរទៅបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខក្រុមប្រឹក្សា អភិវឌ្ឃន៍កម្ពុជា តាមបណ្ដោយផ្លូវព្រះសីុសុវត្ថិ(ជាប់មាត់ទន្លេ) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះបានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ1CB-9850 ជិះម៉ូតូទាំងខ្លួនស្រវឹងស្រាជោគជាំ ហើយបានទៅគៀរកន្ទុយម៉ូតូមួយគ្រឿងទៀតដែលនៅពីមុខបណ្ដាលឲ្យដួលបោកទៅនិងថ្នល់របួសធ្ងន់។ ដោយឡែកឯម៉ូតូដែលត្រូវគាត់បុកពីក្រោយនោះ បានលើកម៉ូតូជិះគេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្ដង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយម៉ូតូជនរងគ្រោះនោះត្រូវសមត្ថកិច្ចធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីរងចាំប្រគល់ឲ្យម្ចាស់ដើមវិញ ៕
ដោយ៖ ព្រែកជ័យ