បច្ចុប្បមនុស្សជាតិកំពុងប្រឈមនិងគ្រោះទុរ្ភិក អត់ឃ្លាន គ្រោះធម្មជាតិ ធ្វើឲ្យពលរដ្ឋរាប់សិបលាននាក់កំពុងស្រែកទ្រហោយំសំជំនួយ ហើយខ្លះក៏ដាច់ពោះស្លាប់ដោយអត់អាហារ ដូចជាពលរដ្ឋដែលប្រឈមនិងសង្គ្រាមស៊ីវិលនៅស៊ីរីជាដើម។
កត្តាទាំងនោះហើយបានជាអង្គការសហប្រជាជាតិបើកឲ្យមានការជួយជំគ្នារវាងម្ចាស់ជំនួយ អង្គការក្រៅរដ្ឋាភិបាល ជិត ៦ពាន់នាក់ មកពី៨០ប្រទេស ត្រូវជួបជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ូលប្រទេសតួគី នៅថ្ងៃច័ន្ទនេះជាលើកទីមួយ ក្នុងជំនួបកំពូលមនុស្សធម៌ពិភពលោក។ វាគ្មិនទាំងអស់ មានពេលពីរថ្ងៃសម្រាប់ពិគ្រោះយោបល់គ្នាចង់ធ្វើកំណែទម្រង់ ប្រព័ន្ធមនុស្សធម៌ ដើម្បីឱ្យដំណើរការផ្តល់ជំនួយមនុស្សធម៌មានប្រសិទ្ធិភាព។ ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលនិងមនុស្សធម៌ខ្លះ មានជាអាទិ៍អង្គការគ្រូពេទ្យគ្មានព្រំដែន បដិសេធមិនចូលរួមទេ ព្រោះយល់ថាជំនួបកំពូលមនុស្សធម៌លើកដំបូងបង្អស់នេះនឹងមានត្រឹមតែពាក្យ។
ពិភពលោកសព្វថ្ងៃ បាននិងកំពុងជួបវិបត្តិធ្ងន់ធ្ងរខ្លាំង និងច្រើនឡើងៗ ព្រមទាំងមានទ្រង់ទ្រាយធំទៀត រហូតដល់អង្គការសហប្រជាជាតិបានផ្តល់ចំណាត់ថា្នក់ថា ជាវិបត្តិកំរិតបី។ វិបត្តិមនុស្សធម៌នេះបង្កឡើងដោយមូលហេតុពីរយ៉ាង៖ ជម្លោះឬសង្គ្រាមស៊ីវិល (ស៊ីរី អ៊ីរ៉ាក់ ស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល) និងការឡើងកម្តៅអាកាសធាតុ។
នៅចំពោះមុខសម្រែកមនុស្សធម៌របស់ពលរដ្ឋប្រមាណ ៦០លាននាក់ ដែលត្រូវបង្ខំចិត្តធ្វើបំលាស់ទីនិង១២៥លាននាក់កំពុងរង់ចាំជំនួយ រដ្ឋអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនយល់ថា ប្រព័ន្ធផ្តល់ជំនួយមនុស្សធម៌បច្ចុប្បន្នចាស់គំរិលពេកហើយ និងត្រូវតែគិតគូរធ្វើកំណែទម្រង់ដើម្បីឆ្លើយតបទៅនឹងភាពបន្ទាន់មនុស្សធម៌បាន។
អង្គការប្រជាជាតិដែលជាអ្នកផ្តួចផ្តើមគំនិតប្រឹងប្រែងខ្លាំង តាមរយៈប្រសាន៍របស់លោក បានគីមូន ចង់ប្រែក្លាយជំនួបកំពូលនេះ ជាចំណុចចាប់ផ្តើមចរន្តមួយខ្សែនៃការបញ្ចេញសកម្មភាព និងប្តេជ្ញាចិត្តជាក់ស្តែងជួយប្រទេសរងគ្រោះ ឱ្យប្រឈមតទល់នឹងវិបត្តិ កំណត់វិធីសាស្ត្រថ្មីសម្រាប់ចាត់ចែងការធ្វើបន្លាស់ទីដោយបង្ខំ និងធានាបាននូវប្រភពហិរញ្ញវត្ថុដ៏មានលំនឹងមួយសម្រាប់ចាត់ចែងវិបត្តិ។
សូមកុំភ្លេចថា នៅក្នុងចំណាត់ការដោះស្រាយវិបត្តិមនុស្សធម៌ ត្រូវមានអ្នកចូលរួមច្រើន មិនមែនតែអង្គការក្រៅរដ្ឋាភិបាលម្នាក់ឯង ឬរដ្ឋ រដ្ឋាភិបាលមួយធ្វើកើតទេ។ ដូច្នេះការមកជួបជុំគ្នា ដោយចំពោះមានទាំងអង្គការក្រៅរដ្ឋាភិបាល ប្រមុខរដ្ឋ-រដ្ឋាភិបាលជួបទល់មុខគ្នា គឺជាឱកាសដ៏ប្រពៃសម្រាប់ផ្ចង់ការពិភាក្សាគ្នា បង្ហាញទស្សនៈវិស័យនយោបាយ និងការប្តេជ្ញាចិត្ត ដោះស្រាយដោយឆ្កឹះឱ្យដល់ឬសគល់នៃបញ្ហា។
គេសង្ឃឹមថា ជំនួបកំពូលនេះនឹងមានសក្តានុពលខ្លាំងផ្តល់សន្ទុះឱ្យមានចលនាមនុស្សធម៌ដ៏ធំមួយមិនធ្លាប់មានដែលមានការព្រមព្រៀងអន្តរជាតិ៕
ប្រែសម្រួល៖ សាធី