ក្លិបបិសាចក្រហម Manchester United បានបណ្តេញលោកLouis van Gaal ចេញពីមុខតំណែងគ្រូបង្វឹកហើយ និងគ្រោងតែងតាំងលោកJose Mourinho មកជំនួសវិញ។
គ្រូបង្វឹកសញ្ជាតិហុល្លង់Louis van Gaal បានដឹកនាំក្រុមបិសាចក្រហម បានតែ២ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីចុះហត្ថលេខាដឹកនាំរយៈពេល៣ឆ្នាំ ជំនួសតំណែងលោកDavid Moyes កាលពីឆ្នាំ២០១៤។
ប៉ុន្តែរដូវកាលនេះ ក្រុមបិសាចក្រហមត្រូវបានអ្នកគាំទ្ររិះគន់ថា មិនមានទម្រង់លេងល្អឡើយ ថែមទាំងគ្មានឱកាសលេង នៅក្នុងក្របខ័ណ្ឌ Champions Leagueនៅរដូវកាលក្រោយទៀតផង។
អនុប្រធានប្រតិបត្តិក្លិប Manchester Unitedលោក Ed Woodwardបានថ្លែងថា “ខ្ញុំសូមអរគុណដល់ លោកLouis van Gaal និងក្រុមការងាររបស់គាត់ដែល បានខិតខំធ្វើ ការប្រកបដោយវិជ្ជាជីវៈក្នុងរយះពេល២ឆ្នាំមកនេះ។ ពួកគាត់បានចាកចេញ ពីយើងដោយបន្សល់ទុកនូវការផ្តល់ឱកាសឲ្យក្មេងជំនាន់ក្រោយលេងក្នុងឈុតធំ។ អ្នករាល់គ្នានៅក្នុងក្លិបសូមជូនពរគាត់ឲ្យ ទទួលបានជោគជ័យនៅថ្ងៃអនាគត។”
ចំណែកលោកLouis van Gaalបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាជាកិត្តិយសណាស់ដែលបានដឹកនាំក្រុមធំដូចជា Manchester United។ ខ្ញុំបានសម្រេចនូវមហិច្ឆតាររបស់ខ្ញុំ ហើយពិសេសខ្ញុំមានមោទនភាពដែលបាន ជួយក្រុមនេះឈ្នះជើងឯកអង់គ្លេសFA Cupជាលើកទី១២ក្នុងប្រវត្តិសាស្រ្តក្លិប។ តែខ្ញុំពិតជាខកចិត្តណាស់ដែលមិន អាចបញ្ចប់កិច្ចសន្យារយៈពេល៣ឆ្នាំបាន។ ខ្ញុំសូមសម្តែងនូវការដឹងគុណដល់អ្នកគាំទ្រក្លិប ដែលពួកគេគឺជាអ្នកគាំទ្រ បាល់ទាត់ដ៏អស្ចារ្យបំផុតលើពិភពលោក”។
លោកJose Mourinho អតីតគ្រូបង្វឹករបស់ក្រុមតោខៀវ Chelseaត្រូវបានគេរំពឹង ថា នឹងក្លាយទៅជាគ្រូបង្វឹកបន្តតំណែងលោកLouis van Gaal៕
ដោយ៖ ដេវេត