ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោកជាំជិះម៉ូតូឌ្រីមសង់មួយគ្រឿងជ្រុលទៅបុកគូទរថយន្ដហាយឡែនឌ័រគេពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានម្ចាស់រថយន្ដខលហៅរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង០០នាទី យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១៨២កែងនិងផ្លូវលេខ២២៣ ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានជុំវញកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AW-1092 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកគូទរថយន្ដហាយឡែនឌ័រពណ៍សពីក្រោយបណ្ដោយឲ្យដួលរងរបួសធ្ងន់។
ក្រោយពេលកើតហេតុម្ចាស់រថយន្ដបានឈប់ចុះមកមើលជនរងគ្រោះនិងបានហៅរថយន្ដសង្គ្រោះបន្ទាន់ឲ្យមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្រោយមកម្ចាស់រថយន្ដក៏បានឡើងរថយន្ដជិះចេញពីកន្លែងកើតហេតុបាត់ ចំណែកម៉ូតូជនរងគ្រោះសមត្ថកិច្ចមូលដ្ឋានបានយកទៅទុកនៅប៉ុស្ដិ៍រដ្ឋបាលនគរបាល ផ្សារដេប៉ូ១ ដើម្បីរងចាំទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកយកទៅវិញ៕
ដោយ៖ ព្រែកជ័យ