ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងម៉ូតូ២គ្រឿងព្រលះគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរតែដោយសារតែរងចាំរថយន្តសង្គ្រោះយូពេកជនរងគ្រោះបានស្លាប់រយះពេល១ម៉ោងក្រោយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខយានដ្ឋានទូច សុភាព ស្ថិតក្នុងភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សពជនរងគ្រោះទាំង២នាក់ គឺទី១ មានឈ្មោះ រិទ្ធ គឹម ជៀង អាយុ២៧ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។ ទី២ឈ្មោះ អៀង ឈុនណាត អាយុ ១៩ឆ្នាំមុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិទួល ឃុំទួល ស្រុកស្វាយរំពារ ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួលជាមួយគ្នា ហើយត្រូវជាសាច់ថ្លៃនិងគ្នា ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ខណៈមេឃកំពុងភ្លៀងដំបូងគេឃើញ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដារឌ្រីមសេ១២៥ ស៊េរី២០១២ ពាក់ស្លាកលេខភ្នំពេញ 1BS-3267 បើកក្នុងល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានព្យាយាមបើកវ៉ារថយន្តនៅខាងមុខ ដោយល្បឿនលឿនលាយឡំតំណក់ភ្លៀងមើលផ្លូវមិនច្បាស់ បានបើកមកជ្រុលចូលចំណែកផ្លូវខាងឆ្វេងដៃ ខណៈនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក Zoomer-X មិនចាំស្លាកលេខមកទិសដៅច្រាស់គ្នា ពីលិចទៅកើត បានបុកគ្នាចំពីមុខចំហៀងខាងស្តាំនៃម៉ូតូជនរងគ្រោះ បណ្តាលឲ្យម៉ូតូជនរងគ្រោះទាំង២នាក់ដួលបោកក្បាលថ្នល់អូសទៅជាង៥០ម៉ែត្រ រីឯម៉ូតូ Zoomer-X ជិះម្នាក់ឯងរបួសស្រាលបានលើកម៉ូតូជិះចេញទៅបាត់ទៅ។
ប្រភពបន្តថា ក្នុងហេតុការណ៍នេះបណ្តាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូ បាក់ជើងខាងស្តាំ បីកំណាត់ និងបែកក្បាលពីធ្លាយខួរស្លាប់យ៉ាងអណោចអាធ័មភ្លាមៗ ចំណែកបុរសម្នាក់ទៀតដែលជិះពីក្រោយ បែកក្បាលហូរឈាមធ្ងន់ធ្ងរ ភា្លមនោះទៀតក៏មានម៉ូតូ MSX មួយគ្រឿងទៀតបើកមកពី លិចទៅកើតមើលមិនឃើញជនរងគ្រោះដេកនៅថ្នល់បានមកបុកនិងកិនពីលើបន្ថែមទៀត ហើយជិះទៅបាត់។
បន្ទាប់ពីកើតហេតុបានបន្តិចក៏មានរថយន្តគ្លីនិកឯកជនមួយមកពីម្តុំផ្សារដេប៉ូ មកដល់កន្លែងកើតហេតុ តែមើលទៅសភាពមិនសូវស្រួលនិងខ្លាចពេលដឹកទៅស្លាប់លើរថយន្តពួកគេក៏បាននាំគ្នាឡើងរថយន្តវិញយ៉ាងប្រញាប់ប្រញាល់ ទៅបាត់ទាំងជនរងគ្រោះមិនទាន់ស្លាប់ដង្ហើយហៅសុំការសង្គ្រោះពីក្រុមគ្រូពេទ្យ។ ជាក់ស្តែងនៅកន្លែងកើតហេតុ ប្រជាពលរដ្ឋបានប្រតិកម្មនិងរិះគន់ ជេរយ៉ាងខ្លាំងៗចំពោះរថយន្តក្លីនិកឯកមួយនេះយ៉ាងកប់ៗមាត់តែម្តង ដែលបណ្តែតបណ្តោយឲ្យមនុស្សស្លាប់ម្នាក់ទៀត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានទៅសម្រួលចរាចរណ៍ និងទាក់ទងទៅជំនាញ មកវាស់វែង ធ្វើកំណត់ប្រគល់សពឲ្យទៅសាច់ញាតិជនរងគ្រោះដឹកទៅស្រុកកំណើតរៀងខ្លួនធ្វើបុណ្យតាមប្រពៃណី ៕
https://youtu.be/s8AykIlrqE0
ដោយ៖ សុខាសែនជ័យ