នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកស្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៨-១១ ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ : តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក លី ខឺឈាង នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកស្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៨-១១ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក លី ខឺឈាង នឹងថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា នៅក្នុងព្រះបរមរាជវាំង។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក លី ខឺឈាង នឹងជួបពិភាក្សាទ្វេភាគី នៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជា កង្វល់រួម។ នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន និងក្នុងពិធីសម្ភោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ ជាផ្លូវការនូវផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ។

លោកនាយករដ្ឋមន្ត្រីចិន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរម រតនកោដ្ឋ ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

លោក លី ខឺឈាង ក៏នឹងអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដែលក្នុងឱកាស នោះ លោក នឹងអញ្ជើញធ្វើជាអធិបតីជាមួយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់ គម្រោងស្ថាបនាឡើងវិញ នៃប្រាសាទតាកែវ ផងដែរ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print