ខេត្តស្វាយរៀង: បុរសអ្នកលក់ដូរម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយរវាងម៉ូតូបុកជាមួយរថយន្តកុងតឺន័រស្របទិសគ្នាពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៨នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១២១និង១២២ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ពោធិ សិទ្ធ អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិស្វាយ សង្កាត់ ចេក ក្រុងស្វាយរៀង បើកម៉ូតូម៉ាក Exciter ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HC-៩១៤៣ ខូចខាតទាំងស្រុង។
ចំណែកអ្នកបើករថយន្ដកុងតឺន័រមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុបានរត់គេចពីកន្លែងកើតហេតុ បាត់ភ្លាមៗបន្សល់តែរថយន្ដកុងតឺន័រម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-៣៩៤១ សឺមីរុឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ ៤A-១៨៤៨។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក Exciter ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HC-៩១៤៣ លើផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចក៏បុករថយន្តកុងតឺន័រម៉ាក HINO ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-៣៩៤១ សឺមីរុឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ ៤A- ១៨៤៨ស្របទិសគ្នាពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីរកមូលហេតុថាករណីខាងលើបណ្ដាលមកពីរថយន្តឬម៉ូតូ?
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕ ដោយសុថាន