ភ្នំពេញ ៖ នាឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៧៧ ឈានចូល ៧៨ឆ្នាំ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១២កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២,លោក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការរង នាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្តេចពិជ័យសេនា ទៀ បាញ់ សូមមានសុខភាពល្អបរិបូរ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃ និងមានអាយុយឺនយូរ ដើម្បីបន្តដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កសាង និងអភិវឌ្ឍនាវាកម្ពុជា កាន់តែរុងរឿងឡើងសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះ គុណូបការៈដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចពិជ័យសេនា ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីពុះពារឧបសគ្គគ្រប់បែបយ៉ាង បម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រប្រកបដោយឆន្ទៈមោះមុត និងរួមចំណែកដ៏ធំធេង ក្នុងការដឹកនាំ និងបម្រើជាតិទទួលបានជោគជ័យជាបន្តបន្ទាប់។
ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ : សហការី