ខេត្តកំពង់ធំ : នៅវេលាម៉ោង ២ រំលងអធ្រាតឈានចូលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅទំនប់បង្ហៀរ ១ មករា ( បច្ចុប្បន្នអាងស្ទឹងជីនិត ) មានករណីហូរច្រោះបាក់ដាច់ទំនប់បង្ហៀរប្រវែងប្រមាណ ៥០ ម៉ែត្រ ជម្រៅប្រហែល ៤ ម៉ែត្រ ស្ថិតនៅក្នុងឃុំបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ការហូរច្រោះបាក់ដាច់ទំនប់នេះ ពុំរងផលប៉ះពាល់ដល់ផ្ទះសម្បែង អាយុជីវិតប្រជាពលរដ្ឋនិងសត្វពាហនៈនោះទេ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ។
សូមបញ្ជាក់ជូនថា ៖ សំណង់ខាងលេីនេះ ជាប្រភេទសំណង់ចាស់តាំងពីជំនាន់ប៉ុលពត ហេីយត្រូវបានជួសជុល និងកែលម្អសម្រាប់ប្រើប្រាស់ឡេីងវិញនៅឆ្នាំ ២០០៤ មានប្រវែង ៧៥០ ម៉ែត្រ ។ ដោយស្ថានភាពទំនប់មានសភាពចាស់ទ្រុឌទ្រោម ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើការជួសជុលម្តងរួចមកហើយកាលពីរដូវប្រាំងឆ្នាំ ២០២០ ដែលការជួសជុលនេះ គឺផ្នែកតួទំនប់បង្ហៀរមួយកំណាត់ដើម្បីប្រើប្រាស់បណ្តោះអាសន្នជាបណ្តើរៗតែប៉ុណ្ណោះ ដោយរងចាំការធ្វើទំនើបកម្មលេីប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ដែលកំពុងស្ថិតនៅក្នុងតំណាក់កាលដេញថ្លៃ និងឈានទៅអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមហិរញ្ញប្បទានពី IAIP-ADB ។ នៅក្នុងវិធានការចំពោះមុខនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ក្រុមការងារបច្ចេកទេសចុះអន្តរាគមន៍ជាបន្ទាន់ក្នុងន័យធ្វើយ៉ាងណា រក្សាទឹកទុកសម្រាប់ប្រើប្រាស់ចំពោះមុខតែប៉ុណ្ណោះ ៕
ដោយ : សុខ ខេមរា