ភ្នំពេញ៖ ករណីសាឡង់បូមខ្សាច់បុកប៉ះស្ពានបាឡេបណ្តាលឱ្យបាក់សសរស្ពាន កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ពុំបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតអ្នកបើកបរសាឡង់នោះឡើយ ពោលកងកម្លាំងជើងទឹកបានមកជួយសង្គ្រោះបានទាន់ពេលវេលា។ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចផ្អាកមិនអោយធ្វើចរាចរណ៍ឆ្លងកាត់។
ប្រជាការពារខណ្ឌឫស្សីកែវ លោក វិន រតនៈ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ថា, ក្រោយក្រឡាប់សាឡង់ប៉ះស្ពានបាឡេកាលពីល្ងាចមិញ អ្នកបើកបរសាឡង់ចំនួន៣នាក់ត្រូវបានកងកម្លាំងជើងទឹកដែលប្រចាំការនៅជិត ICOC បានជួយសង្រ្គោះបានទាន់ពេលវេលា។
បើតាមលោកប្រជាការពារខណ្ឌឫស្សីកែវដែលកំពុងយាមការពារស្ពាន ក្រោយសង្គ្រោះបានភ្លាមៗអាជ្ញាធរបានបញ្ជូនអ្នកបើកបរសាឡង់ចំនួន៣នាក់ទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរតាមនីតិវិធី។
លោកអភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន បានប្រាប់យ៉ាងខ្លីដល់អ្នកសារព័ត៌មាន ឱ្យដឹងថា , បច្ចុប្បន្ននេះអ្នកបើកបរសាឡង់ទាំង៣នាក់នោះត្រូវបានខាងនគរបាលជើងទឹកបញ្ជូនបន្តមកដោះស្រាយតាមនីតិវិធី។
ប្រជាការពារខណ្ឌឫស្សីកែវបានបញ្ជាក់ថា កាលពីល្ងាចម៉ោងជិត៥ ថ្ងៃទី២០ ខែវិច្ឆិកា មានសាឡង់បូមខ្សាច់មួយបានធ្វើដំណើរមកពីខាងមាត់ទន្លេ (ព្រះបរមរាជវាំង) រហូតមកដល់ស្ពានបាឡេ សាឡង់នោះបានបើកផុតស្ពានប្រហែលជាង ២០០ម៉ែត្រហើយ ប៉ុន្តែដោយសារខ្យល់ខ្លាំង ហើយគាប់ជួនម៉ាស៊ីនខូចទៀតទើបបណ្តាលឱ្យសាឡង់រេប៉ះស្ពានបាឡេបណ្តាលឱ្យទ្រេតសសរស្ពានចំនួន ៣ដើម។
បើតាមប្រជាការពារ សាឡង់នោះមិនទាន់អាចយកចេញបានភ្លាមៗនោះទេ ជាក់ស្តែង នៅព្រឹកនេះ មន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌឫស្សីកែវ កំពុងតែប្រជុំរកពិធី និងបច្ចេកទេសក្នុងការទាញយកសាឡង់នោះចេញពីស្ពាន ទើបអាចឱ្យអ្នកជំនាញធ្វើការជួសជុលស្ពាននោះឡើងវិញ។
គូសបញ្ជាក់ថា ស្ពានដែកបាឡេត្រូវបានផ្អាកឱ្យធ្វើចរាចរណ៍ឆ្លងកាត់ទាំងស្រុងជាបណ្តោះអាសន្នសិន ដោយរង់ចាំការទាញយកសាឡង់ចេញ និងជួសជុលស្ពានឡើងវិញទើបអាចបើកដំណើរការឡើងវិញ។
គេពុំទាន់ដឹងថា, អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវចាត់វិធានការបែបណា ចំពោះអ្នកបើកបរសាឡង់ បង្កហេតុ ឬមានវិធានការចំពោះក្រុមហ៊ុន សាឡង់នេះ ខណៈបណ្ដាលឲ្យទ្រព្យសម្បត្តិរបស់រដ្ឋ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សង្ឃឹមថាសមត្ថកិច្ចនឹងមានចំណាត់ការតាមនីតិវិធី ៕
ដោយ : សិលា