ខេត្តក្រចេះ៖ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សហគមន៍អេកូទេសចរណ៍កោះសាមសិប អង្គការ NTFP-EP កម្ពុជា និងមន្ទីរទេសចរណ៍ខេត្តក្រចេះ មានមោទនភាពសូមណែនាំតំបន់ទេសភាពទន្លេមេគង្គដ៏ស្រស់ស្អាតរបស់សហគមន៍អេកូទេសចរណ៍កោះសាមសិប ស្ថិតក្នុងខេត្តក្រចេះ។ តំបន់អាងទឹកដ៏ធំនេះសម្បូរទៅដោយកោះរាប់រយគ្របដណ្តប់ដោយព្រៃឈើពណ៌បៃតង ជីវចម្រុះសម្បូរបែប ដូចជាព្រៃលិចទឹក ត្រីមេពូជកម្រជិតផុតពូជ និងប្រភេទសត្វបក្សីជិតផុតដែលអ្នកអាចទស្សនាបាន។
ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា សូមទៅទស្សនាសហគមន៍អេកូទេសចរណ៍កោះសាមសិប គឺមិនត្រឹមតែឲ្យអ្នករីករាយជាមួយតំបន់ទេសភាពទន្លេមេគង្គដ៏ល្អឯកនោះទេ តែវានឹងផ្តល់ឱកាសឱ្យអ្នកចូលរួមក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សធនធានធ្មជាតិក្នុងសហគមន៍ផងដែរ។ សហគមន៍អេកូទេសចរណ៍កោះសាមសិប ត្រូវបានគ្រប់គ្រងដោយប្រជាជនក្នុងសហគមន៍ផ្ទាល់ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគេ និងមួយផ្នែកទៀតនឹងត្រូវបរិច្ចាគសម្រាប់ការការពារជីវចម្រុះក្នុងសហគមន៍។
តើអ្នកអាចធ្វើអ្វីខ្លះនៅក្នុងសហគមន៍?
• ទទួលបានបទពិសោធន៍នៃការស្នាក់នៅផ្ទះស្នាក់សហគមន៍
• បោះជំរុំតង់លើកោះឆ្នេរខ្សាច់សក្បុសតាមដងទន្លេ
• ជិះកង់ទៅមើលសត្វស្លាប
• ដំណើរកំសាន្តតាមទូកគយគន់ទេសភាពព្រៃលិចទឹក និងថ្ងៃលិចដ៏ស្រស់ស្អាត
• ស្វែងយល់ពីវប្បធម៌ជនជាតិដើមភាគតិច
• នេសាទត្រីលក្ខណៈប្រពៃណីប្រចាំថ្ងៃជាមួយសហគមន៍
• រាវចាក់ច្រែង និងជីកចង្រឹងដូងខ្សាច់ និងចម្អិនផ្ទាល់
• ដើរកំសាន្តក្នុងព្រៃសហគមន៍ព្រៃឈើ និងព្រៃលើកោះរងាវ
• ទស្សនាសត្វស្លាបប្រមាណ ២១៨ប្រភេទ ជាពិសេសសត្វស្លាបកម្រជិតផុតពូជ
• រីករាយជាមួយឆ្នេរខ្សាច់សក្បុសនារដូវប្រាំង និងហែលទឹកថ្លាឆ្វេង (ខែវិច្ឆិកា ដល់ឧសភា)
សេវាកម្មសហគមន៍
• ម្ហូបអាហារ
• ផ្ទះស្នាក់សហគមន៍
• បោះជំរុំតង់
• អ្នកនាំភ្ញៀវ
• ជួលទូក និងកង់
• ទស្សនាសត្វស្លាបប្រមាណ១៩០ ប្រភេទ
• ដាំដើមឈើទុកជាអនុស្សាវរីយ៍
ធ្វើដូចម្តេចដើម្បីទៅដល់សហគមន៍អេកូទេសចរណ៍កោះសាមសិប?
លោកអ្នកអាចទៅដល់សហគមន៍អេកូទេសចរណ៍កោះសាមសិបតាមរយៈរថយន្ត ម៉ូតូ ឬកង់។ សហគមន៍នេះមានចម្ងាយប្រមាណ ៩៥គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៧ ពីទីរួមខេត្តក្រចេះទៅខេត្តស្ទឹងត្រែង និងចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែងទៅខេត្តក្រចេះ ៣៥០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕ ដោយ៖សហការី