ខេត្តកំពង់ស្ពឺ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ច បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបបានឈេីជាច្រេីនកំណាត់ដែលក្រុមឈ្មួញលួចលាក់ទុកនៅក្នុងដីចម្ការដូងមួយកន្លែង កាលពីវេលាម៉ោង ៤ និង២នាទីរសៀលថ្ងៃទី២៤ ខែវិច្ឆិកាម្សិលមិញ នៅស្រុកភ្នំស្រួច។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានស្រាវជ្រាវរកឃេីញគំនរឈេី០១កន្លែង ដែលឈ្មួញលាក់ទុកនៅក្នុងដីចម្ការដាំដូង ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។ ឈេីដែលរកឃេីញជាប្រភេទឈេីសុក្រំមានចំនួន ១៨ដុំ ម្ចាស់ឈេីអញ្ញត្តជន សមត្ថកិច្ចបន្ដស្រាវជ្រាវរកមេក្លោង និងអ្នកទទួលខុសត្រូវ ។
ក្នុងប្រតិបត្តិការនោះ ដោយអនុវត្ដតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង និងលោកវរសេនីយ៍ឯក ហេង សំរេច នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច ។
ក្រោយប្រតិបត្តិការចប់វត្ថុតាងដកហូតរួមមាន ៖ ឈេីសុក្រំចំនួន ១៨ដុំ មិនទាន់វាស់វែងត្រូវបានដឹកជញ្ជូនយកមករក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការបរិស្ថានចំបក់ ក្នុងឧទ្យានជាតិ ព្រះកុសុមៈ គីរីរម្យ ដេីម្បីបន្តនីតិវិធី ៕ ដោយ៖សហការី