ភ្នំពេញ៖ មកទល់វេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី៣០ ខែឧសភា រថយន្តថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិច្រើនគ្រឿងត្រូវបានសមត្ថកិច្ចឃាត់ មិនទាន់អនុញ្ញាតឲ្យធ្វើដំណើរ បន្ទាប់ពីការហែយកញត្តិទៅថ្វាយព្រះមហាក្សត្រ អាចមានចំនួនច្រើនរថយន្ត លើសពីគោលការណ៍អនុញ្ញាត និងដើម្បីធានាសណ្តាប់ធ្នាប់សន្និសុខនោះ ។
សមត្ថកិច្ចបានឲ្យដឹងថា ការហែក្បួនអនុញ្ញាតត្រឹមតែរថយន្ត១៥គ្រឿងប៉ុណ្ណោះ ប៉ុន្តែក្បួនរបស់គណបក្សសង្គ្រោះជាតិមានរហូតដល់ជាង៣០គ្រឿង ទើបធ្វើការហាមឃាត់ និងសូមឲ្យពួកគាត់ ទំនាក់ទំនងទៅថ្នាក់លើ ។
ក្រុមអ្នកតំណាងរាស្ត្របានអះអាងថា ពួកគាត់អាចនឹងធ្វើដំណើរចេញបាន តែក្នុងរថយន្តចំនួន២០គ្រឿង ដូច្នេះ សូមឲ្យសមត្ថកិច្ចមេត្តាបើកផ្លូវ ។ បើទោះជាមានការលើកឡើងបែបនេះក៏ដោយ សមត្ថកិច្ចកំពុងរង់ចាំបទបញ្ជាដោយការហែក្បួននេះ លើសពីគោលការណ៍អនុញ្ញាត ។
សាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យហែក្បួននោះឡើយដោយព្រួយបារម្ភពីចំនួននៃអ្នកគាំទ្រផ្សេងទៀត ចេញមកប្រឆាំងនឹងការហែក្បួននេះ អាចនឹងកើតនូវបាតុភាពអំពើហិង្សាណាមួយ ទើបត្រូវបានហាមឃាត់ មិនឲ្យធ្វើការហែ ក្នុងនោះសាលារាជធានីភ្នំពេញ ក៏បានប្រកាសផងដែរថា ប្រសិនបើមានអំពើណាមួយកើតឡើង គណបក្សសង្គ្រោះជាតិនឹងទទួលខុសត្រូវ ៕
ដោយ៖ សុខ ខេមរា