សារព័ត៌មាន BBC បានផ្សាយថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ មានការបាញ់ប្រហារយ៉ាងរន្ធត់មួយកើតឡើងនៅរដ្ឋ Trujillo ភាកខាងលិចប្រទេសវេណេហ្ស៊ូអេឡា បណ្តាលឲ្យមនុស្ស ១៣នាក់ស្លាប់ ក្នុងនោះមានយុវជន៣នាក់។
ក្រោយការបាញ់ប្រហារខ្មាន់កាំភ្លើងបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុដោយរថយន្តនិងម៉ូតូ។មន្ត្រីវេណេហ្ស៊ូអេឡាបញ្ចាក់ថា ក្នុងចំណោមជនរង្គ្រោះមានម្នាក់ជាជនជាតិកូឡំប៊ី។ ក្រុមជនដៃដល់បានបង្ខំឲ្យជនរង្គ្រោះចេញពីផ្ទះរួចបាញ់សម្លាប់តែម្តង។
អង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ចំនួនបទល្មើសនៅវេណេហ្ស៊ូអេឡាបានកើនឡើងជាបន្តបន្ទាប់ក្នុងពេលដែលសេដ្ឋកិច្ចប្រទេសនេះកំពុងធ្លាក់ក្នុងវិបត្តយ៉ាងខ្លាំងដោយសារតែតម្លៃប្រេងធ្លាក់ចុះ។សេដ្ឋកិច្ចវេណេហ្ស៊ូអេឡាពឹងផ្អែកទៅលើប្រេងស្ទើរតែទាំងស្រុង ហើយក្នុងពេលដែលតម្លៃប្រេងធ្លាក់ចុះនោះសេដ្ឋកិច្ចប្រទេសនេះក៏រងផងប៉ះពាលយ៉ាងខ្លាំង។
កាលពីឆ្នាំកន្លងមក ក្រុមអង្គេតការពីអំពើហឹង្សានៅវេណេហ្ស៊ូអេឡាបានប្រកាសរបាយការមួយឲ្យឃើញថា មានមនុស្សដល់ទៅ ២៤,៩៨០នាក់ស្លាប់ដោយអំពើហឹង្សា ប៉ុន្តែរដ្ឋាភិបាលបានច្រានចោលការចោទប្រកាន់ទាំងនោះ។
ដោយឡែកនៅអាមេរិកវិញ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ កន្លងមកមានមនុស្ស ២នាក់ស្លាប់និង៦នាក់រងរបួសនៅក្នុងហេតុការបាញ់ប្រហារដូចគ្នានេះក្នុងទីក្រុងហូស្តុន រដ្ឋតិចសាស អាមេរិក។
ប៉ូលិសអាមេរិកបានឲ្យដឹងថា ជនដៃដល់ពីរនាក់បានបើកការបាញ់ប្រហារទៅលើមនុស្សម្នាក់កំពុងអង្គុយក្នុងរថយន្ត។ ភ្លាមៗនោះប៉ូលិសបានទៅដល់កន្លែងកើតហេតុហើយចាប់ខ្លួនជនដៃដល់ភ្លាមៗ ។ ជនដៃដល់ម្នាក់បានស្លាប់ ដោយរងការបាញ់ប្រហារពីប៉ូលិសនិងម្នាក់ទៀតរងរបួស ក្រោយតដៃជាមួយប៉ូលិស។ ចំណែកភាគីប៉ូលិសវិញក៏មានមនុស្ស២នាក់ស្លាប់ផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី