ខេត្តរតនគិរី៖ រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងត្រូវបានស្នងការដ្ឋាននគរបាលខេត្តរតនគិរីប្រគល់ជូនអធិការដ្ឋាននគរបាលចំនួន៤ស្រុក។
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅស្នងការដ្ឋានគរបាលខេត្តបានធ្វើពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងដល់នគរបាលស្រុកចំនួន៤ ក្រោមអធិបតីភាពលោក លី វិន្ទ អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី។ កងកម្លាំងអធិការរដ្ឋានទាំង៤ស្រុកបានមកទទួលរថយន្តពន្លត់អគ្គីភ័យដល់កន្លែងស្នងការតែម្តង។
នៅក្នុងកម្មពិធីប្រគល់រថយន្តនោះផងដែរលោកឧត្តមសេនីយ៍ត្រី ងួន គឿនស្នងការនគរបាលខេត្តបានឲ្យដឹងថា រថយន្តចំនួន៤គ្រឿងនេះបញ្ជូនទៅអធិការដ្ឋានចំនួន៤ស្រុកមាន ទី១ស្រុកកូនមុំ ទី២ ស្រុកវ៉ើនសៃទី៣ ស្រុកអណ្តូងមាស ទី៤ ស្រុកបរកែវ។
លោកស្នងការបានឲ្យដឹងថា អំណោយរថយន្តខាងលើនេះដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងយកចិត្តទុកដាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍នគរបាលជាតិដែលបានផ្តល់រថយន្តអគ្គិភ័យចំនួន៤គ្រឿង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ឲ្យស្នងការនគរបាលខេត្តរតនគិរី ដើម្បីជួយសង្គ្រោះនិងពន្លត់អគ្គិភ័យនៅពេលឃើញប្រជាពលរដ្ឋមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង។
ឆមាសទី០១ឆ្នាំ២០១៦ អគ្គិភ័យក្នុងខេត្តរតនគិរីមាន៖ គ្រោះថ្នាក់អគ្គិភ័យកើតឡើង៦លើក ក្នុងនោះមានឆេះព្រៃ១លើក ឆេះរោងសិប្បកម្ម១លើក(ក្នុងក្រុងបានលុង) ឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង(ក្នុងស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាសស្រុកវ៉ើនសៃ) ឆេះផ្ទះចំការ២ខ្នង(ក្នុងស្រុកលំផាត់)សម្ភារៈខូចខាត រួមមាន៖ ប្រាក់រៀល១១,៥០០,០០០រៀល, ដុល្លា១០០០$ ម៉ាស៊ីនសម្រាប់ឈូសឈើ១គ្រឿងម៉ាស៊ីនច្រៀកឈើរ១គ្រឿង ម៉ាស៊ីនកាត់ស្មៅ២គ្រឿង ម៉ាស៊ីនបាញ់ស្មៅ២គ្រឿង គ្រែម៉ុង២ ទូរទស្សន៍១និងឈើគ្រឿងផ្ទះ៨ម៉ែត្រគូប។
ករណីអគ្គិភ័យទាំងនេះមួយចំនួនបានចេញទៅពន្លត់ទាន់ពេលប៉ុន្តែតំបន់ខ្លះឆ្ងាយដាច់ស្រយ៉ាលរថយន្តចេញអត់ទាន់ត្រូវបានអគ្គិភ័យឆេះខ្ទេចទាំងស្រុង។
ក្នុងកម្មវិធីនោះដែរ លោក លី វិន្ទ អភិបាលរងខេត្តបានថ្លែងថា អធិការទាំង៤ស្រុកពេលទទួលរថយន្តទៅគឺបំរើឲ្យប្រជាពលរដ្ឋនៅពេលជួបហានិភ័យ ភ្លើងឆេះផ្ទះដោយយថាហេតុ និងជួយផ្សព្វផ្សាយបន្ថែមទៀតឲ្យប្រពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ហើយអំណោយរថយន្តទាំង៤គ្រឿងនេះរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ។
លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ទៅលើអធិការគ្រប់រូប ត្រូវចេះថែរក្សានិងយកចិត្តទុកដាក់រថយន្តពន្លត់អគ្គិភ័យនេះឲ្យបានល្អហើយក្នុងមួយថ្ងៃត្រូវបញ្ឆេះរយៈពេល១៥នាទីទៅ៣០នាទី ដើម្បីរ៉ូដាសម៉ាសីុន និងផ្តល់ថាមពលដល់អាគុយ និងទ្រាមប្រេងម៉ាសូតចំនួន២០០លីត្រក្នុងអធិការនីមួយៗ៕




ដោយ៖ វុទ្ធឦសាន
...