ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាបបានឃាត់ខ្លួនស្ត្រីជាមេតុងទីនម្នាក់ ក្រោយពេលស្ដ្រីរូបនោះដាក់ឈ្មោះកូនតុងទីនខ្យល់ក្នុងបញ្ជីឈ្មោះរួចឆបោកបានលុយជាង២០ម៉ឺនដុល្លារ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅខាងមុខផ្សារលើធំថ្មីខេត្ដសៀមរាប ខណៈស្ដ្រីរូបនោះកំពុងដើរចេញពីផ្សារ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ អាំង គឹមហ៊ន់ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ប្រភពបានបន្តថា ប្រាក់ដែលជនសង្ស័យឆបោកពីកូនតុងទីននោះមានចំនួន ២០៨,០០០ដុល្លារ។ ហើយការបោកនេះស្ដ្រីសង្ស័យបានយកឈ្មោះខ្មោច ចូលទៅក្នុងបញ្ជីឈ្មោះតុងទីន ដោយបង្ហាញថា កូនតុងទីនរបស់ខ្លួនបានដាក់ឈ្មោះលេងជាមួយគ្នា។ ក្រោយពីមនុស្សឃើញមានឈ្មោះអ្នកលេងច្រើននាក់ហើយលុយក៍ធំទៀត ក៍នាំគ្នាលេងនិងបង់ប្រាក់ឲ្យស្ដ្រីសង្ស័យរូបនោះរៀងៗខ្លួន។ បន្ទាប់ពីបានប្រមូលលុយបានចំនួនច្រើនសន្ធឹកសន្ទាប់ដូចខាងលើនេះ មេតុងទីនបានព្យាយាមគេចខ្លួន ហើយនៅពេលថ្ងៃត្រូវដេញជនសង្ស័យក៍មិនមានវត្ដមានដែរ ទើបសមត្ថកិច្ចចាប់ខ្លួនតាមពាក្យបណ្ដឹងជនរងគ្រោះ ដើម្បីអនុវត្ដតាមនិតិវិធីច្បាប់តែម្ដង។
បច្ចុប្បន្នស្ត្រីជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណំុរឿងបញ្ជូនទៅតុលាការថ្ងៃទី៣០ ខែឧសភា ដើម្បីចាត់ការជាបន្ដ៕
ដោយ៖ ជានិរន្ដរ៍