ខេត្តត្បូងឃ្មុំ ៖ ក្រុមចោរប្លន់៤នាក់ ប្រដាប់ដោយអាវុធកាំភ្លើងវែង ១ដើម និងខ្លី ៣ដើម បានធ្វើសកម្មភាពសំរុកចូល ប្លន់ផ្ទះដេប៉ូលក់ឈើមួយកន្លែង ហើយក្រុមជនសង្ស័យបានប្រមូលយកលុយដុល្លារប្រមាណ ៣ម៉ឺនដុល្លារ លុយខ្មែរ ៤០លានរៀល និងគ្រឿងអលង្ការ ព្រមទាំងទ្រព្យសម្បត្តិអស់ជាច្រើន ។
ហេតុការណ៍នេះកាលពីវេលាម៉ោងប្រហែល៧យប់ជាងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅផ្ទះជនរងគ្រោះក្នុង ភូមិ ស្រែស្ពឺ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មំុ។
បើតាមមន្រ្តីនគរបាលជាន់ខ្ពស់នៃស្នងការខេត្តត្បូងឃ្មំុបានឲ្យដឹងថា ម្ចាស់ជនរងគ្រោះក្នុងអំពើប្លន់នេះឈ្មោះ ស្រ៊ី សុផល ជាប្តី និងប្រពន្ធ ឈ្មោះ ស៊ុយ វាន់នី រស់នៅ ភូមិ-ឃុំកើតហេតុ ។
មន្រ្តីដែលបញ្ជាក់ឲ្យដឹងថា ផ្អែកតាមតាមការរៀបរាប់របស់គ្រួសាររងគ្រោះ ក្រុមចោរមានគ្នា ៤នាក់ ប្រដាប់ដោយ អាវុធវែង ១ដើមនិងខ្លី ៣ដើម ហើយបានសំរុកមកធ្វើសកម្មភាពប្លន់ដោយចាប់ម្ចាស់ផ្ទះប្រុសៗ៤នាក់ចងនិង ខ្សែលួស ចំណែកស្រីៗ២នាក់មិនបានចងទេ ហើយបានប្រើកន្ត្រៃកាត់យកគ្រឿងអលង្ការព្រមទាំងប្រើញញួរធំវាយបំបែកទូរដែក រួចប្រមូលយកមាសប្រាក់និងទ្រព្យសម្បត្តិមានតម្លៃយកទាំងអស់រួចគេចខ្លួនបាត់តែម្តង ។
សូមបញ្ជាក់ថា ទាំងប៉ូលិសនិងអាវុធហត្ថខេត្តត្បូងឃ្មុំកំពុងតែដុតដៃដុតជើងកំណត់មុខសញ្ញាដើម្បីឈានទៅចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕
ដោយ៖ វណ្ណះ