ភ្នំពេញ៖ កីឡាករ អ៊ុំ ចំរើន មកពីក្លិប តាឡីដំរីមានប្ញទ្ធិបានលើកពានរង្វាន់ស៊ីម៉ងត៍អូដ្ឋក្រោយពីវាយឈ្នះកីឡាថៃឈ្មោះ Super Chai ក្នុងវគ្គផ្តាច់ព្រ័ត្រ ខណៈដែលកីឡាករ ធី តុងហ៊ី មកពីក្លិបសាលវ័ន្តកីឡាទទួលបានចំណាត់ថ្នាក់លេខ៣បន្ទាប់ពីវាយឈ្នះ កីឡាករថៃឈ្មោះ Taharn Ek កាលពី ល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នៅ លើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥អារីណា។
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ រវាងកីឡាករ អ៊ុំ ចំរើន នឹងកីឡាករ Super Chai ក្នុងវគ្គផ្តាច់ព្រ័ត្រនេះខាងថៃមិនឯកភាពឡើយ ពីព្រោះមានកីឡាករថៃខ្លះមិនសប្បាយចិត្តក្រោយពីគណៈកម្មការប្រកាសលទ្ធផល គឺ៤ទល់១ មានន័យថា កីឡាករ Super Chai ចាញ់ អ៊ុំ ចំរើន ដោយពិន្ទុទាំង មិនអស់ចិត្ត។ ប៉ុន្តែការប្រកួតនេះត្រូវបានមន្ត្រីគណៈកម្មការនិងអ្នកទស្សនាបាន អះអាងស្រដៀងគ្នាថា តាមការពិតការផ្តល់ពិន្ទុរបស់ចៅក្រុមទាំង៥នាក់ញគឺមានភាពសុក្រឹតនិងត្រឹមត្រូវ ពីព្រោះកីឡាករ Super Chai គេវាយបានតែ១ទឹកគត់គឺទឹកទី៥។
ដោយឡេកកីឡាករ ធី តុងហ៊ីនិង កីឡាករ Taharn Ek ហាក់មិនបានផ្ទុះការតវ៉ាឬក៏មានមន្ទិលសង្ស័យអ្វីឡើយ ។
សម្រាប់កីឡាករ អ៊ុំ ចំរើន ម្ចាស់ជ័យ លាភីជើងឯកពានរង្វាន់ស៊ីម៉ងត៍អូដ្ឋរដូវកាលទី៣នេះទទួលបានពាន់រង្វាន់១ខ្សែក្រវាត់១ថវិកាចំនួន៤ពាន់ដុល្លារ។ ចំណាត់ថ្នាក់ លេខ២បានទៅកីឡាករ Super Chai ទទួល បានពាន់រង្វាន់ថវិកាចំនួន១.៥០០ដុល្លារ ចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករ ធី តុងហ៊ី ទទួលបានថវិកាចំនួន៧០០ ដុល្លារនិងចំណាត់ថ្នាក់លេខ៤បានទៅ កីឡាករ TaharnEk ទទួលបានថវិកាចំនួន ៤០០ដុល្លារ ៕
ដោយ៖ សារីម