ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ក្នុងហ្វេសប៊ុកសម្តេចថាៈ ខ្ញុំនិងភរិយា សប្បាយរីករាយណាស់ដែលបានមកចូលរួមនៅក្នុងថ្ងៃរំលឹកខួបលើកទី៦៧ នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៥ទិវាពិភពលោកប្រឆាំងនិងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៦ ដែលបានធ្វើនៅសាលមហោស្រពកោះពេជ្រមុននេះបន្តិច។
ច្បាស់ណាស់កិច្ចការពារកុមារគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ព្រោះថាកុមារគឺងាយរងគ្រោះថ្នាក់បំផុត ប្រសិនបើគ្មានការយកចិត្តទុកដាក់ចូលរួមសហការ និងការពារពីយើងទាំងអស់គ្នា។ យើងត្រូវបន្តចូលរួមលើកស្ទួយសិទ្ឋិកុមារ និងលុបបំបាត់អំពើហឹង្សា និងអំពើជួញដូរគ្រប់ប្រភេទ រួមទាំងការជួញដូរផ្លូវភេទ និងការធ្វើអាជីវកម្មលើពលកម្មកុមារគ្រប់រូបភាព។
ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបន្តសហការជាមួយអង្គការជាតិ និងអន្តរជាតិដើម្បីយើងរួមគ្នាការពារ និងលើកស្ទួយសិទ្ឋិកុមារ និងលុបបំបាត់អោយអស់នូវអំពើកេងប្រវ័ញ្ចនិងជួញដូរគ្រប់ប្រភេទមកលើកុមារនៅទូទាំងប្រទេស។ ខ្ញុំសូមអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលសូមបញ្ឈប់ការវាយដំ និងធ្វើអំពើហឹង្សាគ្រប់ប្រភេទមកលើកុមារ ហើយសូមចូលរួមទប់ស្កាត់កុំអោយកុមារសេពគ្រឿងញឿន។ ចំពោះមណ្ឌលមួយចំនួនដែលមិនបានបម្រើសេវាកម្មដល់កុមារត្រឹមត្រូវ គឺត្រូវកែលម្អ ឬត្រូវតែបញ្ឈប់សកម្មភាពជាបន្ទាន់។
ខ្ញុំនិងភរិយាសូមអរគុណ និងកោតសរសើរដល់ក្រសួងពាក់ព័ន្ឋ អាជ្ញាធរ ចលនាយុវជនកាកបាទក្រហម យុវជនកាយរិទ្ឋ ដៃគូអភិវឌ្ឍន៌ និងអង្គការសប្បុរធម៌ទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាដើម្បីការពារ និងលើកស្ទួយសិទ្ឋិកុមារអោយកាន់តែល្អប្រសើរ ដើម្បីធ្វើអោយកុមារមានអនាគតល្អនៅក្នុងសង្គមជាតិ។ ខ្ញុំនិងភរិយា សូមជូនពរដល់បងប្អូនជនរួមជាតិ ក្មួយៗនិងចៅៗទាំងអស់ជួបប្រទះតែសេចក្តីសុខនិងពុទ្ឋពរ៤ប្រការកុំបីខាន៕
ដោយ៖ សីលា