ភ្នំពេញ ៖ ប្រទះឃើញសាកសពមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់បានអណ្តែតផ្លុងៗនៅកណ្តាលទន្លេដោយគ្មានអាជ្ញាធរណាម្នាក់អើពើ ដែលប្រជាពលរដ្ឋជាអ្នកដំណើរឆ្លងកាត់ស្ពានជ្រោយចង្វាឃើញអណ្ដែតនៅកណ្តាលទន្លេកាលពីម៉ោងជិត១១ ថ្ងៃត្រង់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ ដោយសារតែអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញថា សពអណ្តែតទឹកនេះគឺស្ថិតនៅក្នុងទឹកដីខណ្ឌជ្រោយចង្វា ហើយអាជ្ញាធរខណ្ឌជ្រោយចង្វាថា នៅក្នុងដែនដីខណ្ឌដូនពេញ ដោយអាជ្ញាធរមួយៗមិនព្រមជួយអូសចូលខាង ដើម្បីឲ្យមន្ត្រីជំនាញធ្វើកោសល្យវិច័យនិងស្រាវជ្រាវរកក្រុមគ្រួសារព្រោះខ្លាចខូចប្រយោជន៍ខ្លួន ។
សូមបញ្ជាក់ថា សាកសពមិនទាន់ស្គាល់អត្តសញ្ញាណខាងលើបានត្រូវប្រជាពលរដ្ឋអ្នកដំណើរឆ្លងកាត់ស្ពានជ្រោយចង្វារចាស់ប្រទះឃើញអណ្តែតទឹកទន្លេតាំងពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែមកដល់ពេលនេះមានរយៈពេលជាង៣ម៉ោងទៅហើយគិតត្រឹមម៉ោង២និង១៥នាទីរសៀលថ្ងៃពុធនេះ អាជ្ញាធរបានត្រឹមឆ្លើយនិងរុញដាក់គ្នាខ្វះការទទួលខុសត្រូវ មិនសមជាមន្ត្រីធ្វើការបម្រើរាស្ត្រសុខចិត្តទុកសពចោលកណ្តាលទន្លេ។
ពាក់ព័ន្ធករណីសពអណ្តែតទឹកនេះ នគរដ្រេហ្គន មិនអាចរកការសុំអត្ថាធិប្បាយបានភ្លាមៗនៅឡើយទេពីមន្ត្រីសាលាខណ្ឌទាំងពីរគិតមកដល់ម៉ោងជាង៣រសៀលថ្ងៃទី០១ ខែមិថុនា ដដែលនេះបានឡើយ៕
ដោយ៖ ជ្រោយពេជ្រ
...