កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះមានជនភៀសខ្លួនរហូតដល់ទៅ ៨៨០នាក់ស្លាប់។
ការស្លាប់យ៉ាងច្រើននោះត្រូវបានគេចាត់ទុកថា ជាថ្ងៃខ្មៅងងឹតបំផុតសម្រាប់ជនភៀសខ្លួនទៅកាន់អឺរ៉ុបក្នុងរយៈពេល១ឆ្នាំកន្លងមក។ តួលេខាងលើពឹងផ្អែកទៅលើអ្នកដែលរួចផុតពីក្តីសម្លាប់បានបញ្ចាក់ឲ្យដឹង។
តាមឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនបានបញ្ចាក់ថា ក្នុងរយៈ៥ខែដើមឆ្នាំ២០១៦ មានមនុស្សដល់ទៅ២,៥១០នាក់ស្លាប់ នៅដែនសមុទ្រមេឌីទែរ៉ាណេ ដោយសារតែការលិចនាវាដឹកពួគេ។ កាលពីឆ្នាំ២០១៥ មានតែ ១,៨៥៥នាក់ប៉ុណ្ណោះស្លាប់ក្នុងដំណាក់កាលដូចគ្នា។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះជនភៀសខ្លួនទៅកាន់អឺរ៉ុបកើនឡើងជាលំដាប់ក្រោយពេលស្ងប់ស្ងាត់។ ការចូលទៅកាន់អឺរ៉ុបកាន់តែច្រើននោះធ្វើឲ្យប្រទេសក្នុងតំបន់នេះពិបាក់បែងចែកជនភៀសខ្លួនឲ្យទៅរស់នៅក្នុងប្រទេសរបស់ខ្លួន។ ទាំងនោះហើយទើបអឺរ៉ុបបានសម្រេចចេញច្បាប់មួយបើប្រទេសណាមិនទទួលជនភៀសខ្លួនគឺត្រូវតែបង់ប្រាក់។
នៅក្នុងកាលៈទេសៈដែលនៅមានប្រទេសអឺរ៉ុបច្រើននៅរារែកមិនចង់អនុវត្តការបែងចែកជនភៀសខ្លួន គណៈកម្មការអឺរ៉ុបបានសម្រេចចាត់វិធានការថ្មីដើម្បីចាប់បង្ខំដៃឲ្យទទួលជនភៀសខ្លួន។ កាលពីថ្ងៃពុធ គណៈកម្មការអឺរ៉ុបបានស្នើបង្កើតមូលនិធិមួយដែលមានឈ្មោះថា វិភាគទាននៃការចែករំលែកជួយគ្នា ពោលគឺប្រទេសសមាជិកអឺរ៉ុបត្រូវបង់ប្រាក់២សែន៥ម៉ឺនអឺរ៉ូ សម្រាប់ជនភៀសខ្លួនម្នាក់ ដែលគេបដិសេធមិនផ្តល់សិទ្ធិជ្រកកោន។ ទឹកប្រាក់ប្រមាណ ២សែន ៥ម៉ឺនអឺរ៉ូ ក្នុងជនភៀសខ្លួនម្នាក់ នឹងត្រូវផ្តល់ទៅឲ្យប្រទេសដែលសុខចិត្តទទួលជនភៀសខ្លួនជំនួសប្រទេស ដែលបដិសេធ។
រដ្ឋាភិបាលហុងគ្រីតាមរយៈរដ្ឋមន្រ្តីការបរទេសបានប្រតិកម្មខ្លាំងៗដោយបានចាត់ទុកសំណើរបស់គណៈកម្មការអឺរ៉ុបថា ជាការគំរាមមួយដែលមិនអាចទទួលយកបាននិងដែលមិនមែនជានយោបាយរបស់អឺរ៉ុប។ ប្រឈមមុខនឹងលំហូរចូលដោយគំហុក ជនភៀសខ្លួនជាង ១លាននាក់នៅឆ្នាំ២០១៥ ដែលភាគច្រើនមកស៊ីរី អាហ្វហ្កានីស្ថាន និងអ៊ីរ៉ាក់ សហភាពអឺរ៉ុបត្រូវបង្ខំចិត្តសើរើឡើងវិញ បទបញ្ជាទីក្រុងឌូប្លាំងដែលនៅក្នុងនោះគឺប្រទេសដំបូងគេ ដែលជនភៀសខ្លួនដាក់ជើង ដែលត្រូវដោះស្រាយទទួលជនភៀសខ្លួនមុនគេ។ ដោយសារតែបទបញ្ជាឌូប្លាំង អ៊ីតាលី និងក្រិកត្រូវត្រដរខ្យល់ ដោយសារតែមិនអាចដោះស្រាយតែម្នាក់ឯង បញ្ហាជនអន្តោប្រវេសន៍ និងជនភៀសខ្លួនតទៅទៀតក្នុងពេលដែលប្រទេសអឺរ៉ុបផ្សេងទៀត ជាពិសេស ហុងគ្រី ប៉ូឡូញ សាធារណរដ្ឋឆែក ហើយនិងស្លូវ៉ាគី បានប្រឆាំងដាច់ខាតមិនទទួលយក ការបែងចែក ទទួលជនភៀសខ្លួនដែលកំណត់ដោយគណៈកម្មការអឺរ៉ុប។
ទៅតាមកូតារបស់គណៈកម្មការអឺរ៉ុប ប្រទេសសមាជិកទាំង២៨ របស់សហភាពអឺរ៉ុបត្រូវទទួលយកជនភៀសខ្លួន ទៅតាមទំហំប្រទេស ផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងការខិតខំប្រឹងប្រែងកន្លងមកក្នុងការផ្តល់សិទ្ធិជ្រកកោនដល់ជនភៀសខ្លូន។ អាចនិយាយម្យ៉ាងថា យន្តការសមភាពរបស់អឺរ៉ុប នឹងត្រូវគេចាប់អនុវត្តភ្លាម នៅពេលប្រទេសមួយប្រឈមលំហូរជនភៀសខ្លួនច្រើនជាង ១៥០ភាគរយនៃកូតាដែលខ្លួនត្រូវទទួល។ ពោលគឺយន្តការស្មើភាពនឹងចាប់តម្រូវប្រទេសដែលខ្វះ មិនទាន់ទទួលជនភៀខ្លួនគ្រប់តាមកូតារបស់ខ្លួនឲ្យទៅជួយចែករំលែកសម្រាលបន្ទុកពីប្រទេសដែលប្រឈមខ្លាំងនឹងលំហូរជនភៀសខ្លួនដូចករណីប្រទេសអាល្លឺម៉ង់ជាឧទាហរណ៍ស្រាប់។
យ៉ាងណាក៏ដោយយន្តការសមភាពនិងវិភាគចែករំលែកនៅមិនទាន់ត្រូវគេអនុវត្តបានភ្លាមនៅឡើយទេដោយសារ សំណើរបស់គណៈកម្មការអឺរ៉ុបត្រូវឆ្លងកាត់ការបោះឆ្នោតឯកភាពពីប្រទេសសមាជិកអឺរ៉ុប និងសភាអឺរ៉ុបជាមុនសិន។ បណ្តាប្រទេសអឺរ៉ុប ដូចជាហុងគ្រី ប៉ូឡូញ ដែលប្រឆាំង មិនចង់ទទួលជនភៀសខ្លួន ប្រាកដជានឹងប្រើសំឡេងរបស់ខ្លួនដើម្បីប្រឆាំងជាថ្មីនឹងយន្តការរបស់គណៈកម្មការអឺរ៉ុប៕
ប្រែសម្រួល៖ ម៉ែវ សាធី