ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី១៧ ខែធ្នូ ឆ្នាំ២០២២នេះថា៖ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី១៤ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៥ករណីទៀត ដែលស្នើឱ្យជួយសង្រ្គោះជនជាតិបរទេស ០៩នាក់។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងបន្តថា បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន៖
១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៦៤៥៤ករណី មានមនុស្ស ១,៥៨២នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៤១៨សំណើ និងបិទសំណុំរឿង ២១៤សំណើ (រកឃើញមនុស្ស ៩៩៥នាក់, ឃាត់ខ្លួនជនសង្ស័យ ១២០នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ២២ករណី។
គួររម្លឹកថា សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជា៕ដោយ៖សហការី