ខេត្តកំពង់ចាម៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៩ ខែធ្នូ ឆ្នាំ២០២២នេះថា៖ ក្នុងរយៈពេលមួយថ្ងៃកម្លាំងនគរបាលស្រុកចំនួនពីរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចុះបង្ក្រាបករណីបញ្ជល់មាន់ខុសច្បាប់(ភ្នាល់មាន់)សរុប ៥នាក់។
ជាក់ស្ដែងករណីទី១ បានធ្វេីឡេីងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបេីក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រោមដេីមសង្កែ ស្ថិតនៅភូមិអណ្តូងស្វាយ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៣នាក់ និងដកហូតវត្ថុតាងមួយចំនួន។
ចំណែកករណីទី២, បានធ្វេីឡេីងនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកចំការលើ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយទាប បានចុះបង្ក្រាបករណីលួចលេងល្បែងសុីសងដោយខុសច្បាប់ (ប្រជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចចំការកៅស៊ូ ខាងត្បូងភូមិ វាលរីលិច ឃុំស្វាយទាប។
ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងដកហូតវត្ថុតាងមួយចំនួន
បច្ចុប្បន្នជនសង្ស័យ០៥នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕ ដោយ៖សហការី