ខេត្តស្វាយរៀង: មានការស្រែកទ្រហោយំរបស់ក្រុមគ្រួសារខណៈដែលពួកគេប្រទះឃើញក្មេងប្រុសដែលជាសមាជិកគ្រួសារលង់ទឹកស្រះស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់មកពិនិត្យសព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាយប់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់មានឈ្មោះ រដ្ឋា វាសនា អាយុ០៦ឆ្នាំ មុខរបរសិស្ស មានម្ដាយឈ្មោះសៅ
ភឿក អាយុ២៧ឆ្មាំ មុខរបរកម្មកររោងចក្ររស់នៅភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្រោយមកសមត្ថកិច្ចនគរបាលជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានមកពិនិត្យសពដោយសន្និដ្ឋានថា្មក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្រះប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញក្មេងប្រុសខាងលើបានដើរទៅរើសខ្យងនៅស្រះទឹកកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃដដែលប៉ុន្តែអ្នកភូមិមិនបានចាប់អារម្មណ៍នោះទេ។ រហូតដល់ពេលល្ងាចម្ដាយបានត្រលប់មកពីរោងចក្រហើយមិនបានឃើញកូនប្រុសនៅផ្ទះទើបនាំគ្នាដើររកហើយក៏ប្រទះឃើញនៅក្នុងទឹកស្រះបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕ ដោយ៖ សុថាន