រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្តាប្រទេស G7 បានសន្យាជួយអ៊ុយក្រែន ជាមួយនឹងថវិការហូតដល់ ៣២ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលជិតនឹងទំហំ GDP នៃប្រទេស EU មួយចំនួន ដែលមានប្រជាជនតិចតួចដូចជា Estonia ជាដើម។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេទាំងប្រាំពីររបស់ពិភពលោក (G7) កាលពីថ្ងៃទី 22 ខែធ្នូបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបញ្ជាក់ថាក្រុមនេះបានរៃអង្គាសប្រាក់ចំនួន 32 ពាន់លានដុល្លារជាជំនួយហិរញ្ញវត្ថុ សម្រាប់អ៊ុយក្រែនក្នុងឆ្នាំ 2023 ក្នុងបរិបទនៃជម្លោះ នៅក្នុងប្រទេសអឺរ៉ុបខាងកើត។ រ៉យទ័របានរាយការណ៍ថា បានបន្សល់ទុក នូវផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរជាច្រើន។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានក្រើនរំឭកប្រជាជនអ៊ុយក្រែន ឱ្យប្រុងប្រយ័ត្នអំពីលទ្ធភាពកើនឡើង នៃការវាយប្រហាររបស់រុស្ស៉ីក្នុងអំឡុងរដូវបុណ្យគ្រីស្មាស់ (Christmas) ខាងមុខនេះ ដោយលោកបានទទូចឱ្យពួកគេ យកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសំឡេងស៉ីរ៉ែនប្រកាសអាសន្ន ពេលមានការវាយប្រហារតាមផ្លូវអាកាស និងត្រូវចេះជួយគ្នាទៅវិញទៅមក។
ក្នុងការថ្លែងសារជាប្រចាំរាល់យប់របស់លោក កាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បានប្រាប់ថា លោកបានជួបពិភាក្សា ជាមួយបណ្តាមេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែន ដើម្បីពិនិត្យនិងវាយតម្លៃលើស្ថានការណ៍បច្ចុប្បន្ន ហើយលោកបានបន្តថា រដ្ឋាភិបាលកំពុងត្រៀមលក្ខណៈសម្រាប់ សេណារីយ៉ូផ្សេងៗ នៃសកម្មភាពដែលរុស្ស៉ី អាចនឹងធ្វើឡើង។
លោកប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា ខណៈរដូវបុណ្យ Christmas ចូលមកដល់ ពួករុស្ស៉ីអាចនឹងបង្កើនសកម្មភាពវាយប្រហារ ដ្បិតពួកគេមិនខ្វល់អំពីគុណតម្លៃសាសនាគ្រិស្ត ឬក៏គុណតម្លៃណាមួយផ្សេងទៀតឡើយ។ ទន្ទឹមគ្នានោះ លោកហ្សេលេនស្គី ក៏បានងាកទៅព្រមាន ដាក់រុស្ស៉ីផ្ទាល់ផងដែរ ថាប្រជាជនរុស្ស៉ីទាំងអស់ត្រូវតែយល់ឱ្យច្បាស់ថា ការប្រព្រឹត្តអំពើអាក្រក់ នឹងតែងតែទទួលការឆ្លើយតបទៅវិញ៕ ដោយធីរីណា
រូបថត : Reuters
រូបថត : Getty Images