ភ្នំពេញ ៖ រថយន្តម៉ាកម៉ាស្តាមួយគ្រឿងបេីកបរដោយបុរសម្នាក់និងមាននារីម្នាក់ទៀតរួមដំណេីរជាមួយក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវមួយកង់ខ្ទាតចេញពីជូរ រីឯរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត៣០ម៉ែត្រទើបដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នៅខាងលិចភ្លើងស្តុបចេនឡា តាមបណ្តោយផ្លូវព្រះមុនីរ៉េត(២១៧)ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកម៉ាស្តាមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BR-4482 រួមដំណើរដោយនារីម្នាក់ក្នុងទិសដៅពីកើតទៅលិចដោយប្រើល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរបាំងថ្មមួយកង់ខ្ទាតមកកណ្ដាលផ្លូវរងការខូចខាត ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត៣០ម៉ែត្រទៀតទើបដាច់កាឡេកង់ខាងមុខខាងឆ្វេងម្ខាងទៅលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់នាពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ